ថ្មីៗនេះមានការចុះផ្សាយជាច្រើនទាក់ទងជាមួយនឹងការរៀបចំថតវីដេអូទុក (Pre-record video) របស់ Apple ដើម្បីត្រៀមដាក់ក្នុងព្រឹត្តិការណ៍នៃការដាក់បង្ហាញ iPhone 14 ដោយឡែកមានដំណឹងមួយទៀតដែលបានចុះផ្សាយដោយ MacRumors បានឱ្យដឹងថា Apple គ្រោងនឹងបញ្ចេញវ៉ែនតា AR/VR របស់ខ្លួនចំនួន 1.5លានគ្រឿងក្នុងឆ្នាំ2023 ខាងមុខ។
ដោយយោងទៅតាមអ្នកវិភាគល្បីឈ្មោះ Ming-Chi Kou បានឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងនឹងប្រកាសពីវ៉ែនតា VR របស់ខ្លួនក្នុងព្រឹត្តិការណ៍នៅឆ្នាំ2023 ខាងមុខនេះ ហើយគេរំពឹងថា វ៉ែនតាមួយនេះអាចនឹងមានតម្លៃរហូតដល់ 2000ដុល្លារក្នុងមួយគ្រឿងឯណោះ។
លើសពីនេះទៅទៀត Apple ក៏ធ្លាប់បានធ្វើការបង្ហើបឱ្យដឹងផងដែរថា តាមពិតទៅវ៉ែនតាប្រភេទនេះគឺគេបានធ្វើវាជិតដល់ដំណាក់កាលបញ្ចប់ហើយ ម្យ៉ាងទៀតក្រុមហ៊ុនក៏បានចំណាយពេលធ្វើការលើវាអស់ជាច្រើនឆ្នាំផងដែរ ប៉ុន្តែថ្មីៗនេះគឺមានបញ្ហាបន្តិចបន្តួចកំឡុងពេលនៃការអភិវឌ្ឍ ទើបធ្វើឱ្យមានការពន្យាពេលនៃការចេញ។
ក្នុងតម្លៃខ្ទង់ 2000ដុល្លារ លើសគេលើសឯង តែគេរំពឹងថាវ៉ែនតម្លៃថ្លៃមួយនេះអាចនឹងបំពាក់មកជាមួយនឹងឈីបប្រភេទ M1 Pro មិនតែប៉ុណ្ណោះវ៉ែនតាមួយនេះនឹងបំពាក់មកជាមួយកាមេរ៉ាជាច្រើនគ្រាប់ដើម្បីតាមដានចលនារបស់អ្នកពាក់។
ហើយអ្វីដែលកាន់តែពិសេសនោះគឺមានកញ្ចក់ដែលមាន Resolution 8K ទាំងសងខាងនិងមានបច្ចេកវិទ្យាតាមដានភ្នែកកម្រិតខ្ពស់ផងដែរ។ហើយសម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ ប្រសិនបើវ៉ែនតាមួយនេះចេញលក់មែនតើហ៊ានទិញទេ?
អត្ថបទដោយ៖ រិន មករា