ប្រដៅ Apple ចាស់ដៃ! Brazil ថាបើលក់ iPhone អត់ដាក់ឆ្នាំងសាកទៀត នឹងបង្ខំ Apple រើកញ្ជើចេញហើយ
Makara Rin
SEPTEMBER 7 2022
អាជីវកម្ម 4.0
617 views
1 min read

រឿងក្តីរវាងក្រុមហ៊ុន Apple ជាមួយនឹងប្រទេសប្រេស៊ីល គឺមិនទាន់ចប់នៅឡើយទេ ទាក់ទងជាមួយនឹងការមិនពេញចិត្តពីសំណាក់ប្រទេសប្រេស៊ីលចំពោះ Apple ដែលលក់ iPhone ដោយមិនភ្ជាប់ឆ្នាំងសាកមកជាមួយថែមទាំងមានការប្តឹងផ្តល់និងពិន័យជាប្រាក់រាប់លានដុល្លារថែមទៀតផង។ ដោយឡែកថ្មីៗនេះខាង Apple ឯនោះវិញក៏បានធ្វើការតវ៉ាតបវិញ ថាមិនចង់ឈប់លក់នៅលើទឹកដីប្រេស៊ីលទេ នេះបើយោងតាមការចុះផ្សាយរបស់ Reuters

ក្រសួងយុត្តិធម៌នៃប្រទេសប្រេស៊ីល​ បានធ្វើការពិន័យក្រុមហ៊ុន​ Apple 2.38លានដុល្លារ ហើយថែមទាំងបញ្ជាឱ្យ Apple  ឈប់លក់ iPhone 12 និងម៉ូឌែលថ្មីៗផ្សេងទៀត។ លើសពីនេះទៅទៀតនោះ ថែមទាំងឱ្យក្រុមហ៊ុនមួយនេះផ្អាកការលក់ម៉ូឌែល iPhone មួយណាដែលមិនមានភ្ជាប់មកជាមួយនឹងឆ្នាំងសាកថែមទៀតផង។

iPhone 11, SE (2020) and XR also lose in-box chargers and EarPods -  GSMArena.com news

យ៉ាងណាមិញ ទាក់ទងជាមួយនឹងការដកឆ្នាំងសាកចេញនេះ បើតាមការចុះផ្សាយរបស់​ Bloomberg បានឱ្យដឹងថា Apple បានគិតគូរដល់​មនុស្សជាតិក៏ដូចជាអ្វីគ្រប់យ៉ាងនៅលើភពផែនដីរបស់យើង​ ហើយម្យ៉ាងទៀតដុំសាកនេះគឺបានប្រើប្រាស់ទៅដោយ ជាតិស័ង្កសី និងប្លាស្ទីក ក្នុងចំនួនដ៏ច្រើនលើសលប់ លើសពីនេះទៅទៀតការដកដុំសាកពីប្រអប់ទូរស័ព្ទគឺបានកាត់បន្ថយសារធាតុកាបូនជាង2លានតោន និងអាចកាត់បន្ថយឡានដឹកចំនួន 50ម៉ឺនគ្រឿងចេញផ្លូវផងដែរ។

ផ្ទុយទៅវិញបើទោះបីជាមានការលើកឡើងចេញពី Apple បែបនេះក៏ដោយ ប៉ុន្តែខាងអាជ្ញាធរប្រេស៊ីល​នៅតែបដិសេធដដែល ហើយថែមទាំងនិយាយថា គ្មានភ័ស្តុតាងណាដែលអាចបញ្ជាក់បានថា ការលក់ទូរស័ព្ទដោយមិនដាក់ឆ្នាំងសាកមកជាមួយគឺអាចការពារដល់បរិស្ថានបាននោះទេ។

គូសបញ្ជាក់ផងដែរថា​ បើទោះបីជាមានការបញ្ជាក៏ដូចជាការហាមប្រាម​មិនឱ្យលក់ពីសំណាក់ប្រទេសប្រេស៊ីលយ៉ាងណាក៏ដោយក៏ Apple នៅតែមិនចុះចាញ់និងព្រមបន្តធ្វើការជាមួយនឹងភ្នាក់ងារការពារអតិថិជនប្រេស៊ីលដើម្បីដោះស្រាយបញ្ហាមួយនេះទៀត។

ចុងក្រោយ Apple ក៏បាននិយាយថា “ពួកយើងបានយកឈ្នះរឿងក្តីជាច្រើនមកហើយដែលកើតក្នុងប្រទេសប្រេស៊ីល ហើយចំពោះបញ្ហាមួយនេះពួកយើងមានជំនឿយ៉ាងមុតមាំថា​ អតិថិជនរបស់យើងមានការយល់ដឹងច្បាស់ណាស់ ចំពោះជម្រើសនៃការ​សាកថ្មទៅលើឧបករណ៍ប្រើប្រាស់របស់គេ” ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia