ចូលមកដល់ត្រីមាសទី3ក្នុងឆ្នាំ2022នេះក្រុមហ៊ុនរបស់អាមេរិក Apple កាន់តែឡើងកូដថែមមួយកម្រិតទៀត ដោយចំណូលក៏កើនឡើង រីឯចំនួនអ្នកប្រើប្រាស់ក៏កំពុងតែមានសន្ទុះកើនឡើងផងដែរ ប៉ុន្តែវាមិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុនដែលផលិតស្មាតហ្វូន Android មួយចំនួនទេ ព្រោះអ្នកប្រើប្រាស់ Android មួយចំនួនបានលះបង់ទម្លាប់ចាស់របស់ខ្លួនទៅប្រើ iPhone អស់ហើយ។
ដោយយោងទៅតាមការចុះផ្សាយរបស់ ZDNET បានបង្ហាញថាក្នុងត្រីមាសទី3នៃឆ្នាំ2022នេះចំណូលរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ 83ពាន់លាន$ ដែលចំនួននេះគឺកើនឡើងរហូតដល់2%បើធៀបជាមួយនឹងឆ្នាំមុន ក្នុងនោះផងដែរចំនួននៃអ្នកប្រើប្រាស់ Android ដែលផ្លាស់មកប្រើ iPhone គឺបានជួយរុញឱ្យ Apple ឈានដល់ចំណុចនេះ។
លើសពីនេះទៅទៀតលោក Tim Cook បាននិយាយថា តាំងតែពី Window Phone បានចាកចេញពីពិភពស្មាតហ្វូនទៅ អ្នកដែលប្តូរមកប្រើ iPhone សុទ្ធតែចេញពីអ្នកធ្លាប់ប្រើ Android។ មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវចំនួន 451 ផ្សេងៗគ្នាបានរកឃើញថា អ្នកប្រើប្រាស់ iPhone គឺពេញចិត្តនឹងទូរស័ព្ទដែលខ្លួនប្រើ 98%ទៅហើយ។
ប្រភពដដែលក៏បានបន្តថា ចំពោះទីតាំងភូមិសាស្ត្រដែលអតីតអ្នកប្រើ Android ភាគច្រើនប្តូរទៅប្រើ iPhone វិញគឺមានដូចជាប្រទេស ឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា ដែលប្រទេសទាំងនេះគឺមានជ្រៀតចូលនៃ iPhone ទាបជាងប្រទេសដ៏ទៃ ដូច្នេះ Apple កំពុងតែពង្រីកទីផ្សារនេះឱ្យកាន់តែទូលាយថែមទៀត។
គួររំឮកផងដែរថា ភាគច្រើននៃអ្នកដែលប្តូរពី Android គឺទៅប្រើ iPhone ជំនាន់ចុងក្រោយតែម្តង លើសពីនេះទៅទៀត Apple កំពុងតែបន្ថែមល្បឿនលើការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មី 5G នៅលើស្មាតហ្វូនរបស់ខ្លួនដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីៗផងដែរ។
អត្ថបទដោយ៖ រិន មករា
