ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Adobe កំពុងប្រឈមមុខនឹងព្យុះផ្លូវច្បាប់ជាថ្មី បន្ទាប់ពីអ្នកនិពន្ធម្នាក់បានដាក់ពាក្យបណ្តឹងសមូហភាព ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានយកស្នាដៃរក្សាសិទ្ធិរាប់ម៉ឺនក្បាលទៅបណ្តុះបណ្តាលប្រព័ន្ធ AI ដោយគ្មានការអនុញ្ញាត។

ដូចគ្នាទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Adobe បានបោះជំហានយ៉ាងខ្លាំងទៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ ចាប់តាំងពីឆ្នាំ ២០២៣ មក ក្រុមហ៊ុនសូហ្វវែរយក្សមួយនេះបានដាក់ឱ្យដំណើរការនូវសេវាកម្ម AI ជាច្រើន រួមទាំង Firefly ដែលជាឈុតឧបករណ៍បង្កើតមេឌៀដ៏ល្បីល្បាញ។ ការឈានជើងចូលក្នុងពិភព AI យ៉ាងពេញទំហឹងនេះ បាននាំឱ្យក្រុមហ៊ុនជួបបញ្ហាផ្លូវច្បាប់ បន្ទាប់ពីមានការចោទប្រកាន់ថា Adobe បានប្រើប្រាស់សៀវភៅលួចចម្លងដើម្បីបង្រៀនគំរូ AI របស់ខ្លួន។

ដើមកំណើតនៃបណ្តឹងនេះត្រូវបានដាក់ក្នុងនាមអ្នកស្រី Elizabeth Lyon ដែលជាអ្នកនិពន្ធម្នាក់មកពីរដ្ឋ Oregon។ គាត់បានចោទប្រកាន់ថា Adobe បានប្រើប្រាស់សៀវភៅជាច្រើនក្បាលដែលត្រូវបានលួចចម្លង (Pirated versions) រួមទាំងស្នាដៃផ្ទាល់ខ្លួនរបស់គាត់ ដើម្បីបណ្តុះបណ្តាលកម្មវិធីដែលមានឈ្មោះថា SlimLM។
ការរកឃើញប្រភពទិន្នន័យចម្រូងចម្រាសមួយនេះអ្នកស្រី Lyon ដែលជាអ្នកសរសេរសៀវភៅណែនាំជាច្រើនអំពីការសរសេរអត្ថបទមិនមែនប្រលោមលោក បានរកឃើញថា ស្នាដៃខ្លះរបស់គាត់ត្រូវបានដាក់បញ្ចូលក្នុងសំណុំទិន្នន័យដែល Adobe ប្រើប្រាស់។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ពាក្យបណ្តឹងបានបញ្ជាក់ថា៖
"សំណុំទិន្នន័យ SlimPajama ត្រូវបានបង្កើតឡើងដោយការចម្លង និងកែច្នៃចេញពីសំណុំទិន្នន័យ RedPajama (រួមទាំងការចម្លងចេញពី Books3)។ ដូច្នេះ ដោយសារវាជាច្បាប់ចម្លងបន្តពី RedPajama វាមានផ្ទុកនូវសំណុំទិន្នន័យ Books3 ដែលរួមមានទាំងស្នាដៃមានរក្សាសិទ្ធិរបស់ដើមបណ្តឹង និងសមាជិកដទៃទៀតផងដែរ។"

បញ្ហាដដែលៗក្នុងឧស្សាហកម្ម AI "Books3" គឺជាបណ្តុំសៀវភៅដ៏ធំដែលមានចំនួនដល់ទៅ ១៩១,០០០ ក្បាល ដែលត្រូវបានគេយកទៅបង្រៀនប្រព័ន្ធ GenAI ជាច្រើន ហើយវាក៏ជាប្រភពនៃជម្លោះផ្លូវច្បាប់មិនចេះចប់មិនចេះហើយសម្រាប់សហគមន៍បច្ចេកវិទ្យា។
Adobe មិនមែនជាជនរងគ្រោះតែម្នាក់នោះទេ៖
- Apple: កាលពីខែកញ្ញា ក៏រងបណ្តឹងពីបទប្រើប្រាស់សម្ភារៈមានរក្សាសិទ្ធិដើម្បីបណ្តុះបណ្តាល Apple Intelligence។
- Salesforce: ក្នុងខែតុលា ក៏ត្រូវបានគេប្តឹងជុំវិញការប្រើប្រាស់ RedPajama ដូចគ្នា។
- Anthropic: កាលពីខែកញ្ញា បានយល់ព្រមបង់ប្រាក់ចំនួន ១.៥ ពាន់លានដុល្លារ ដល់ក្រុមអ្នកនិពន្ធដែលបានប្តឹងក្រុមហ៊ុននេះពីបទប្រើប្រាស់សៀវភៅលួចចម្លងដើម្បីបណ្តុះបណ្តាល Chatbot ឈ្មោះ Claude។

គូសបញ្ជាក់ផងដែរថា ករណីរបស់ Adobe ត្រូវបានគេចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់មួយទៀត ក្នុងសមរភូមិផ្លូវច្បាប់ជុំវិញការប្រើប្រាស់ទិន្នន័យមានរក្សាសិទ្ធិមកបង្រៀន AI ដែលកំពុងតែរីករាលដាលពេញពិភពបច្ចេកវិទ្យា។
