ក្រុមហ៊ុន Xiaomi ទើបនឹងប្រកាសសម្ពោធជាផ្លូវការនូវឡានអគ្គិសនីថ្មីរបស់ខ្លួន SU7 series ជាការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនពីស្មាតហ្វូន និង គ្រឿងអេឡិចត្រូនិក ចូលទៅកាន់វិស័យយានយន្តអគ្គិសនីដែលកំពុងតែរីកស្គុសស្គាយនោះ។
យោងតាមការចុះផ្សាយពីសំណាក់សារព័ត៌មានហុងកុង South China Morning Post បានឱ្យដឹងថារថយន្តសេរ៊ី SU7 ដែលមាន ៣ម៉ូដែលនោះត្រូវបានគេកក់រហូតដល់ ៥ម៉ឺនគ្រឿងក្រោយពេលបើកកក់ត្រឹមតែរយៈពេល ៣០នាទីតែប៉ុណ្ណោះ ហើយ៤នាទីដំបូងសន្ទុះនៃការកក់មានរហូតដល់ទៅ ១ម៉ឺនគ្រឿង។
SU7 មានបីម៉ូដែល SU7 SU7 Pro និង SU7 Max ដែលខុសគ្នាទៅលើជម្រើស (Option) និង រយៈចម្ងាយរបស់ថ្មដោយផ្ដើមពីតម្លៃសមរម្យ ២៩ ៨៨០ដុល្លារសម្រាប់ទីផ្សារស្រុកចិន ហើយតម្លៃនេះទោះចង់ឬមិនចង់ នឹងប្រកួតដោយបើកចំហរជាមួយប្រេនឡានអគ្គិសនីផ្សេងទៀតដូចជា Tesla BYD Nio ឬ Xpeng ជាដើម។
កាលពីពេលសម្ពោធ នាយកប្រតិបត្តិក្រុមហ៊ុន Xioami លោក Lei Jun ធ្វើការប្រដូច SU7 ទៅនឹង Tesla Model 3 តែឆ្លៀតអួតថា ៩០%នៃមុខងារមាននៅលើ SU7 ឈ្នះ Tesla Model 3 សឹងគ្រប់មុខ ជាមួយនឹងតម្លៃទាបជាងផងដែរ៕