លោកអ្នកប្រាកដជាដឹងមកហើយនូវម៉ាកកុំព្យូទ័រមួយដែលត្រូវបានផលិតឡើងដោយកូនខ្មែរ ហើយវាឈ្មោះថា <<KOOMPI>> “គម្ពីរ” មិនតែប៉ុណ្ណោះកុំព្យូទ័រយួរដៃមួយនេះវាក៏មានរាងស្តើងស្អាតប្លែកផងដែរ។ ដោយឡែកចំពោះម៉ូដែលថ្មី KOOMPI PRO នេះក៏ចាប់ផ្តើមបើកទទួលការកម្មង់ហើយ។
បើយោងទៅតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ KOOMPI ផ្ទាល់ បានបញ្ជាក់ថា KOOMPI បានបញ្ចេញកុំព្យូទ័រយួរដៃសេរីចុងក្រោយរបស់ខ្លួនគឺ <<KOOMPI PRO>> ដោយម៉ូដែលមួយនេះវាស័ក្តិសមជាមួយនឹង វិស្វករ សិល្បករ ស្ថាបត្យករនៅក្នុងប្រទេសកម្ពុជាទាំងអស់។
ម៉ូដែល Pro នេះវាបានភ្ជាប់មកជាមួយនឹងក្តាចុចដែលមានអក្សរ ខ្មែរ-អង់គ្លេស ដើម្បីជួយសម្រួលដល់ការសម្រេចកិច្ចការងារសំខាន់ផ្សេងៗបានផងដែរ។
ចូលមកដល់ Spec ក៏ដូចជាកម្លាំងរបស់ម៉ូដែល Pro មួយនេះវិញឃើញថាវាបានបំពាក់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ KOOMPI OS ផ្ទាល់តែម្តង ហើយវាមានទំហំអេក្រង់ 15.6 អីញ នឹងកម្រិតនៃការបង្ហាញ 4K UHD ,ថ្ម 5600mAH, ប្រើ CPU AMD Ryzen 9 5900HX, GPU AMD Radeon RX Vega 8, មាន Ram16GB និង 128GB, SSD NVME M.2 512GB, លើសពីនេះទៅទៀតវាមានរន្ធ USB Type C 2, រន្ធដោតកាស1,USB3.0 1, និង USB 2.0 1 ផងដែរ។
គួររំលឹកផងដែរថា បើតាមការបញ្ជាក់របស់ KOOMPI លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពី 950$ មកត្រឹមតែ 850$ ដោយគ្រាន់តែកក់100$ មុន ចំពោះកុំព្យូទ័រនឹងទទួលបាននៅខែតុលាឆ្នាំ2022។ ហើយលោកអ្នកអាចធ្វើការកក់តាមវេបសាយ KOOMPI ឬក៏ហ្វេសប៊ុកផេកគម្ពីរក៏បានដែរ។
អត្ថបទដោយ៖ រិន មករា