ក្រុមហ៊ុន CMA CGM GROUP ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ពេលនេះក្រុមហ៊ុននេះ មានបំណងចង់ពង្រីកវិសាលភាពរបស់ខ្លួន មកកាន់ទឹកដីកម្ពុជា នេះបើតាមការជម្រាបក្នុងជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP។
ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦ ផងដែរ ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។
ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូន អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ ៕