ដំបូងឡើយយើងបានស្គាល់រួចមកហើយជំនាន់មុននៃសេរីម៉ូតូអគ្គិសនី Yamaha Neo ដែលសាកថ្មម្តងជិះបានខ្ទង់ ៣៥ គីឡូម៉ែត្រនោះទេ ។
ឥឡូវនេះ Technology Cambodia នឹងទាញអារម្មណ៍លោកអ្នកមកស្គាល់ម៉ូតូដែលស្ថិតក្រោមយីហោដដែលតែសមត្ថភាពខុសគ្នាដូចមេឃនិងដី ។
តួយ៉ាង បើយោងតាមការចេញផ្សាយកាលពីថ្មីៗនេះរបស់គេហទំព័រ Loyat.net បានឲ្យដឹងថា ក្រុមហ៊ុន Yamaha បានយកម៉ូតូអគ្គិសនីស្កូតឺ Yamaha E01 ទៅដាក់តាំងបង្ហាញខ្លួនអឺរ៉ុប ព្រមទាំងធ្វើតេស្តសាកល្បងការរត់នៅលើផ្លូវ ហាយវេ ដោយគេបានរកឃើញថា ម៉ូតូនេះមានល្បឿនខ្ពស់បំផុតរហូតដល់ជាង 100Km/h ឯណោះបើប្រៀបជាមួយនឹង Neo គឺលើសជាងគ្នា ៣ដង ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ូតូស្កូតឺ E01 នេះ មានសមត្ថភាពស្មើនឹង EV នៃ NMax ដែលជាម៉ូតូស្កូតឺកម្លាំង 155cc និងដំណើរការដោយម៉ូទ័រអេឡិចត្រិច ដែលមានចរន្តថាមពល 8.1 Kw និងមានកម្លាំងបង្វិលជុំ 30.2 Nm រួមផ្សំកម្លាំងប៉ុណ្ណេះអាចបង្កើតល្បឿនឲ្យ E01 ខ្លាំងរហូតដល់ 100 Km/h ។
ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុន Yamaha បានភ្ជាប់មកជាមួយកម្រិតកម្លាំងល្បឿន ៣ លេខ ព្រមទាំង អាចបញ្ជារលេខថយក្រោយទៀតផង ។ រីឯ អាគុយរបស់ E01 គឹជាប្រភេទថ្មលីចូមអ៊ីយ៉ុង 4.9 Kwh ដោយទ្រទ្រង់ចំងាយផ្លូវរាបស្មើ 100 Km ។
ម្យ៉ាងវិញទៀត ចំណែកចំណុចកាន់តែពិសេសថែមទៀតនោះ គឺយើងអរគុណជាខ្លាំងដល់ក្រុមហ៊ុន Yamaha ដែលព្រមភ្ជាប់មកជាមួយនឹងរន្ធសាកថ្មល្បឿនលឿន ដោយចាយតែ១ម៉ោងថាមពលអាគុយរត់ឡើងរហូត 80% ឯណោះ បន្ថែមលើសពីនេះ គេក៏បានភ្ជាប់នូវខ្សែសាកចល័តប្រភេទ AC ថាមពល១១០ទៅ ២៤០ វ៉ុល ដែលអាចសាកថ្មពេញ១៤ម៉ោង ។
គូសបញ្ជាក់ផងដែរថា សម្រាប់រូបភាពខាងលើជាការដាក់តាំងបង្ហាញនៅអឺរ៉ុប ប៉ុន្តែ ក្រុមហ៊ុន Yamaha មានគម្រោងធំយក E01 មកធ្វើតេស្តសាកល្បងនៅប្រទេស ម៉ាឡេស៊ី ដែលជាតំបន់ត្រូពិច ព្រមទាំងប្រទេសផ្សេងៗទៀតរួមមាន ឥណ្ឌូនេស៊ី ថៃ តៃវ៉ាន់ តំបន់អឺរ៉ុបប៉ែកខាងលើ និងស្រុកកំណើតរបស់ E01 គឺប្រទេសជប៉ុន ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )