យោងតាមគេហ័រទំព័រ ts2.Tech និង Technote បានចុះផ្សាយជាសាធារណៈពីការបែបធ្លាយនូវរចនាបទរូបរាងថ្មីរបស់ Xiaomi គឺ Xiaomi 17 Pro។
ជាទូទៅក្រុមហ៊ុន Xiaomi មិនមែនមានតែទូរស័ព្ទដៃនោះទេ មានផលិតផលជាច្រើនប្រភេទទៀតដែលជាផ្នែកនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏ធំ។ ដូចជា៖ ទូរស័ព្ទដៃ, ថេប្លេត, កុំព្យូទ័រយួរដៃ, នាឡិកាឆ្លាតវៃ, កាសស្តាប់ត្រចៀក, ទូរទស្សន៍, រថយន្តអគ្គិសនី, ម៉ូតូអគ្គិសនី, កាមេរ៉ាសុវត្ថិភាព…។
បើនិយាយពីម៉ូឌែលទូរស័ព្ទវិញ ក្រុមហ៊ុន Xiaomi ក៏បានផលិតមកជាច្រើនម៉ូឌែលផងដែរ តែអ្វីដែលកំពុងផ្ទុះការចាប់អារម្មណ៍នោះគឺ ការបែកធ្លាយនូវរចនាបទរូបរាងថ្មី Xiaomi 17 Pro បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ ដោយសារតែមានលក្ខណៈពិសេសប្លែកៗដូចជា៖
- អេក្រង់ទីពីរខាងក្រោយ (Magic Back Screen): ចំណុចសំខាន់ដែលធ្វើឱ្យទូរស័ព្ទនេះលេចធ្លោ គឺការបំពាក់នូវអេក្រង់ទីពីរដ៏ធំមួយនៅផ្នែកខាងក្រោយ។ អេក្រង់នេះមិនមែនជាអេក្រង់តូចដូចម៉ូដែលមុនៗនោះទេ តែវាមានទំហំធំល្មមសម្រាប់បង្ហាញព័ត៌មានសំខាន់ៗដូចជា ការជូនដំណឹង (notifications), កាលបរិច្ឆេទ, ម៉ោង និងអាចប្រើសម្រាប់មើលរូបភាព Selfie ជាមួយកាមេរ៉ាខាងក្រោយបានកាន់តែងាយស្រួល។
- កាមេរ៉ា Leica ជំនាន់ថ្មី: ដូចទៅនឹងម៉ូដែលកំពូលៗរបស់ Xiaomi ដែរ ម៉ូដែល 17 Pro នឹងបន្តសហការជាមួយក្រុមហ៊ុនកាមេរ៉ាអាល្លឺម៉ង់ Leica។ ការសហការនេះត្រូវបានគេរំពឹងថា នឹងផ្តល់នូវប្រព័ន្ធកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងការកែលម្អគុណភាពរូបភាព និងសមត្ថភាពថតវីដេអូបានកាន់តែល្អប្រសើរ។
- កម្លាំងម៉ាស៊ីន និងការរចនា: គេរំពឹងថា Xiaomi 17 Pro នឹងបំពាក់ដោយបន្ទះឈីបចុងក្រោយគេបង្អស់របស់ Qualcomm (ទំនងជា Snapdragon 8 Gen 4) និងមានការរចនាប្លែកពីគេ ដែលផ្តោតលើភាពប្រណិត និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
គូសបញ្ជាក់ផងដែរថា Xiaomi 17 Pro ត្រូវបានគេចាត់ទុកជា "ទូរស័ព្ទកំពូលដែលនឹងផ្លាស់ប្តូរការប្រកួតប្រជែង" (flagship game-changer) ដោយសារតែការច្នៃប្រឌិតថ្មីៗទាំងអេក្រង់ទីពីរខាងក្រោយ និងប្រព័ន្ធកាមេរ៉ាដ៏មានឥទ្ធិពលខ្ពស់។ ព័ត៌មានទាំងនេះនៅតែជាការបែកធ្លាយ និងមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Xiaomi នៅឡើយទេ។
យើងនឹងរងចាំមើលពីការប្រកាសជាសារធារណៈពីខាងក្រុមហ៊ុនធំរបស់ Xiaomi តែទោះជាយ៉ាងណាកាលពីកន្លងមក ចាប់តាំងពីឆ្នាំ 2021 ដល់ចុង ឆ្នាំ2024 Xiaomi បានលក់ស្មាតហ្វូនជាង 570 លានគ្រឿងទូទាំងពិភពលោក ដោយក្នុងនោះមាន ចិន និងឥណ្ឌា គឺជាទីផ្សារដែលធំជាងគេ ឆ្លុះបញ្ចាំងការលក់ជាងពាក់កណ្តាលទាំងមូល ខណៈដែលអឺរ៉ុប អាស៊ីអាគ្នេយ្យ និងអាមេរិក ជាកន្លែងដែលក្រុមហ៊ុនកំពុងពង្រីកឥទ្ធិពលបន្ថែម នេះបើយោងតាមប្រភព Xiaomi Investor Relations។