បច្ចុប្បន្ននេះ កំណើននៃរថយន្តអគ្គិសនីកំពុងតែស្ថិតក្នុងប្រធានបទដ៏ក្តៅគគុកដែលមានក្រុមហ៊ុនផលិតឡានលក់នាំគ្នាបង្វិលគម្រោងការកែឯកសារ ដើម្បីងាកមកពិភាក្សាអំពីរឿងរ៉ាវនៃយានជំនិះដើរដោយថាមពលអគ្គិសនីវិញម្តង ។
យ៉ាងណាមិញក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ក្រុមហ៊ុនរបស់អាល្លឺម៉ង់ Volkswagen កំពុងតែស្វាក់ស្វែងខ្លាំងមែនទែន លើការផលិតនូវរថយន្តអគ្គិសនី ។ ដោយឡែកអំឡុងខែមករាមកដល់បច្ចុប្បន្ន រឿងរ៉ាវដែលក្រុមហ៊ុន VW នេះមានគម្រោងផលិតរថយន្តអគ្គិសនីខ្នាតតូច hatchback តម្លៃធូរថ្លៃខ្លាំង ២ ម៉ឺនដុល្លារស្ដើងតែប៉ុណ្ណោះ ហើយម៉ូដែលនោះគឺ Volkswagen ID 1 ។
បើយោងការចុះផ្សាយរបស់ insiderevs.com បានឲ្យដឹងថា ចំពោះ ID 1 មួយនេះត្រូវបានបំពាក់កញ្ចប់ថ្ម MEB របស់ក្រុមហ៊ុន VW ដែលទំហំ 45 kwh ដែលអាចរត់ចម្ងាយជិត 300 km ។
ប៉ុន្តែចំពោះគ្រឿងក្រោម និងSpace ផ្សេងៗទៀតមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែអ្នកនាំពាក្យរបស់ក្រុមហ៊ុន VW បានបង្ហើបតែប៉ណ្ណឹង ។ ទោះជាយ៉ាងណាក៏ដោយ ID 1 នេះមានទំហំអាគុយ 45 Kwh និយាយបានថា អាចយកទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនបារាំង Peugeot e-208 និង Opel Corsa-e ទោះរថយន្តអគ្គិសនីទាំងពីរនេះមានកម្លាំងអាគុយ 50kwh ក៏ដោយ ។
គួរបញ្ជាក់ផងដែរ ឡានអគ្គិសនី ID 1 ត្រូវបានគេសន្និដ្ឋានថានឹងចេញលក់នៅឆ្នាំ ២០២៣ ។ ហើយម៉ូដែលមួយនេះត្រូវជា គ្រួសារស្ថិតក្នុងអំបូរជាមួយ ID Buzz ID Vizzion រួមទាំង ID 4 ដែលត្រូវបានក្រុមហ៊ុន VW អនុញ្ញាតឲ្យចេញលក់មុនគេ ឥឡូវកំពុងចរាចរណ៍នៅទីផ្សារអឺរ៉ុបហើយ ក្នុងតម្លៃ៣ ម៉ឺនទៅ ៤ម៉ុនដុល្លារ ឡើងទៅ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី