យោងតាមសារព័ត៌មាន CNN បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន YouTube បានយល់ព្រមបង់ប្រាក់សរុប ២៤,៥ លានដុល្លារ ដើម្បីបញ្ចប់រឿងក្តីជាមួយប្រធានាធិបតីលោក ដូណាល់ត្រាំ ដោយ YouTube បានយល់ព្រមបង់ប្រាក់ដោះស្រាយបណ្តឹងទៅលោក ដូណាល់ ត្រាំ ដោយសាររឿងការព្យួរ (ផ្អាក) មិនឲ្យផ្សព្វផ្សាយលើគណនីរបស់លោកតាមបណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីមាន ហេតុការណ៍បះបោរនៅវិមាន Capitol កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ មកម្លេះ។
ការសម្រេចដោះស្រាយនេះមានន័យថា ដំណើរការផ្លូវច្បាប់ដែលអូសបន្លាយរយៈពេលជាង ៤ ឆ្នាំ ហើយក្រុមហ៊ុន YouTube បិទគណនីរបស់លោក ត្រាំក៏ដោយសារតែ៖
១./ការព្យួរ (Suspension) គណនី YouTube របស់លោក ត្រាំ៖ YouTube បានព្យួរគណនីរបស់លោកបន្ទាប់ពីព្រឹត្តិការណ៍វាយលុកវិមានកាពីតូល (U.S. Capitol) កាលពីថ្ងៃទី 0៦ ខែមករា ឆ្នាំ២០២១ ដោយសំអាងថាលោកបានបំពានគោលការណ៍របស់គេដែលប្រឆាំងនឹងការញុះញង់ឲ្យមានអំពើហិង្សាលើបណ្តាញសង្គម។
២./ការចោទប្រកាន់ពីការរំលោភសិទ្ធិនិយាយ (Free Speech) និងការបង្ក្រាបមតិអភិរក្សនិយម៖ លោក ត្រាំ បានប្តឹងដោយអះអាងថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះបានប្រមូលផ្តុំអំណាចគ្នា មកចាប់កំហុស និងព្យួរគណនីរបស់លោកដោយខុសច្បាប់ ដែលជាការរំលោភលើសិទ្ធិនិយាយរបស់លោក និងជាផ្នែកមួយនៃការបង្ក្រាបទស្សនៈអភិរក្សនិយម។
លោក ត្រាំ បានសម្តែងការពេញចិត្តលើការសម្រេចដោះស្រាយនេះ ដោយហៅថាជា «ជ័យជម្នះដ៏ធំមួយ» ដែលបង្ហាញថា «ការចាប់ពិរុទ្ធរបស់បច្ចេកវិទ្យាធំៗគឺមានផលវិបាក មិនមែនចេះតែស្រេចចិត្តចាប់នោះទេ»។ ក្នុងនោះផងដែរ Meta ក៏ធ្លាប់បានដោះស្រាយបណ្តឹងលោក ត្រាំ ដែរកាលពីក្នុងខែមករា សម្រាប់ទឹកប្រាក់ ២៥ លានដុល្លារ និងក្រុមហ៊ុន X (Twitter) ក៏ដូចគ្នា ដោយបានដោះស្រាយក្នុងខែកុម្ភៈ ដោយមានការបង់ប្រាក់ប្រហែល ១០ លានដុល្លារ។
គួរបញ្ជាក់ដែរថា YouTube បានបើកគណនីរបស់លោក ត្រាំ ឲ្យដំណើរការឡើងវិញនៅឆ្នាំ ២០២៣ (បិទអស់រយៈពេល២ឆ្នាំ)។ ការដោះស្រាយនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta (Facebook) និង X (Twitter) ក៏បានដោះស្រាយបណ្តឹងស្រដៀងគ្នាជាមួយលោក ត្រាំផងដែរ។ នេះជាការសងជម្ងឺចិត្តមួយទៅកាន់លោក ត្រាំដែលក្រុមហ៊ុនបណ្តាញសង្គមមួយចំនួនគួរប្រុងប្រយ័ត្ន និងមិនចេះតែចាប់ ឬប្រកាន់បក្សពួកនិយមឡើយ។