ប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍នៅថ្ងៃពុធថា លោកនឹងមិនពិចារណាបន្ថយពន្ធគយ ១៤៥% របស់សហរដ្ឋអាមេរិកលើប្រទេសចិនទេ ដើម្បីជំរុញការចរចាសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។
យោងតាមប្រភពព័ត៌មាន CNBC នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឲ្យដឹងថា លោក ត្រាំ បានឆ្លើយយ៉ាងដាច់អហង្ការថា "ទេ" នៅពេលត្រូវបានសួរនៅសេតវិមានថាតើលោកបើកចំហរក្នុងការដកពន្ធនាំចូលដ៏ច្រើននោះទេ ដើម្បីនាំប្រទេសចិនមកតុចរចា។
ការប្តេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះពន្ធគយរបស់លោកបានកើតឡើងបីថ្ងៃមុនពេលរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសិន គ្រោងនឹងជួបជាមួយសមភាគីចិនរបស់លោកនៅប្រទេសស្វីស ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធមុននេះថា សហរដ្ឋអាមេរិកបានស្នើសុំកិច្ចប្រជុំនោះ ហើយទីក្រុងប៉េកាំងនៅតែ "ប្រឆាំងយ៉ាងម៉ឺងម៉ាត់" ចំពោះការដំឡើងពន្ធគយរបស់លោក ត្រាំ មុនពេលការចរចា។
នៅពេលសួរថាតើលោករំពឹងអ្វីខ្លះនឹងកើតចេញពីកិច្ចប្រជុំនៅអឺរ៉ុបនោះ លោក ត្រាំ បានមានប្រសាសន៍ថា "យើងនឹងមើលឃើញ... យើងកំពុងបាត់បង់មួយទ្រីលានដុល្លារក្នុងមួយឆ្នាំ ឥឡូវនេះយើងមិនបាត់បង់អ្វីទៀតទេ អ្នកដឹងទេ? នោះជាវិធីដែលខ្ញុំមើលឃើញវា"។
ផ្អែកតាមលិខិតជូនដំណឹងមួយ របស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក ចុះថ្ងៃទី១១មេសា គឺអាមេរិកនឹងលើកលែង មិនអនុវត្តអត្រាពន្ធថ្មីនេះ ទៅលើទំនិញបច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិកច្រើនប្រភេទទៀត ដែលភាគច្រើនលើសលប់ គឺសុទ្ធតែផលិតនៅចិន តែឥឡូវនេះគ្មានការចរចា ឬចង់សម្រួលពីអាមេរិកទៀតនោះទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Apple, Dell, Microsoft និង Nvidia ក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ផងដែរ។ ចុងក្រោយលោកត្រាំបោះពាក្យមួយម៉ាត់ថា " ទេ '' (គ្មានការចរចារ) គឺគ្រប់យ៉ាងចប់ត្រឹមចំណុចនេះ។
សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា