បច្ចុប្បន្ន TikTok បានក្លាយជាផ្លេតហ្វមមួយដែលមានប្រើប្រាស់រហូតដល់រាប់ពាន់លាននាក់ មិនតែប៉ុណ្ណោះផ្លេតហ្វមមួួយនេះបានវ៉ាជែងជាមួយនឹងផ្លេតហ្វមដ៏ទៃទៀតដូចជា Facebook និង YouTube ដែលជារលកមុនសឹងតែតាមមិនទាន់ថែមទៀតផង។ ហើយថ្មីៗនេះ TikTok បានចុះបញ្ចីប៉ាតង់លើផ្លេតហ្វមថ្មីរបស់ខ្លួនមួយទៀតគឺ TikTok Music ដែលផ្តោតទៅលើការចាក់ចម្រៀង។
ដោយយោងទៅតាមការចុះផ្សាយរបស់ TheVerge បានបង្ហាញថា TikTok បានធ្វើការចុះបញ្ជីអាជីវកម្មលើកម្មវិធីថ្មីរបស់ខ្លួនមួយទៀតគឺ TikTok Music នៅលើទឹកដីអាមេរិក ហើយចំពោះកម្មវិធីថ្មីនេះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ស្តាប់ អាចចែករំលែក អាចទិញ ក៏ដូចជាទាញយកចម្រៀងដែលខ្លួនពេញចិត្តស្តាប់បានថែមទៀតផង។
យ៉ាងណាមិញចំពោះកម្មវិធីថ្មីនេះគឺមិនមែនជារឿងថ្មីសន្លាងរបស់ក្រុមហ៊ុន ByteDance នោះទេពោលគឺ ក្រុមហ៊ុនមេមួយនេះក៏ធ្លាប់បានបង្កើតកម្មវិធីចាក់ចម្រៀងពីមុនមកដែរដោយកាលពីឆ្នាំ2020កន្លងទៅ ByteDance បានបញ្ចេញកម្មវិធីចាក់ចម្រៀងមួយឈ្មោះថា Resso ដែលបានដាក់ឱ្យប្រើប្រាស់តែនៅ ឥណ្ឌា ប្រេហ្ស៊ីល ឥណ្ឌូនេស៊ី តែប៉ុណ្ណោះ ហើយចំពោះមុខងារមួយចំនួនគឺដូចគ្នាទៅនឹង TikTok Music ដែរ។
លើសពីនេះទៅទៀត ByteDance បានធ្វើការភ្ជាប់កម្មវិធី Resso សម្រាប់ប្រទេសដែលអាចប្រើប្រាស់បានជាមួយនឹង TikTok ផ្ទាល់តែម្តងដែលមានន័យថា ពេលដែលគេមើលវីដេអូដែលពេញនិយមណាមួយហើយគឺគេអាចចូលទៅស្តាប់ចម្រៀងពេញបានថែមទៀតផងនៅលើ Resso ។
ប្រភពដដែលបានបន្តថា Resso មានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ជាង40លានឯណោះនៅឆ្នាំ 2021ក្នុងប្រទេសទាំង3ដែលបានដាក់ឱ្យប្រើប្រាស់ ក្នុងចំនួននេះផងដែរគឺកើនឡើងរហូតដល់ 304% ចាប់ពីដើមខែមករា 2021 រហូតដល់ ដើមខែមករា 2022 តែផ្ទុយទៅវិញចំពោះផ្លេតហ្វម Spotify ដែលជារលកមុនគឺកើនឡើងអ្នកប្រើប្រាស់ត្រឹមតែ38% តែប៉ុណ្ណោះ។
គូសបញ្ជាក់ផងដែរថាសម្រាប់ផ្លេតហ្វមថ្មី TikTok Music នេះគឺគេពុំទាន់ដឹងថាអាចនឹងយកលំនាំតាម Resso ឬអត់នោះទេ។ ហើយសម្រាប់អ្នកទាំងអស់គ្នាវិញគិតផ្លេតហ្វមថ្មីនេះ អាចនឹងផ្តួល Spotify ឬក៏ Apple Music បានដែរឬទេ?
អត្ថបទដោយ៖ រិន មករា
