ក្រុមហ៊ុន Samsung Electronics បានបង្ហាញនូវផែនការមហិច្ឆតារបស់ខ្លួនក្នុងការនាំមុខលើបច្ចេកវិទ្យា 6G ដែលជាជំនាន់បន្ទាប់នៃប្រព័ន្ធទំនាក់ទំនងចល័ត ដោយសន្យានឹងផ្លាស់ប្តូរជីវភាពរស់នៅរបស់មនុស្សជាតិ និងប្រតិបត្តិការឧស្សាហកម្មតាមរយៈបដិវត្តន៍ឌីជីថលដ៏ឆ្លាតវៃ។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គេរំពឹងថានឹងចាប់ផ្ដើមនៅ ឆ្នាំ ២០៣០ ក្នុងសកម្មភាពពង្រឹងស្ដង់ដារ និងការធ្វើតេស្តដំបូងៗ អាចនឹងលេចរូបរាងឡើងនៅចន្លោះ ឆ្នាំ ២០២៨ ដល់ ២០២៩។

ខុសពីជំនាន់មុនៗ 6G មិនមែនគ្រាន់តែជាការបង្កើនល្បឿនអ៊ីនធឺណិតឱ្យលឿនជាង 5G នោះទេ ប៉ុន្តែវាគឺជាកាតាលីករ ដែលនឹងរំលាយរបាំងរវាងពិភពរូបវន្ត និងពិភពនិម្មិត ។ តាមរយៈសមត្ថភាពល្បឿនលឿនបំផុត និងភាពយឺតយ៉ាវទាបបំផុត 6G នឹងបង្កើតនូវបទពិសោធន៍ថ្មីៗដូចជា ការកម្សាន្តបែប Immersive, បច្ចេកវិទ្យាសុខាភិបាលទំនើប, និងការអប់រំឌីជីថលដែលផ្ដល់អារម្មណ៍ពិតៗ។

២. បច្ចេកវិទ្យា "AI-Native" និងនិរន្តរភាព
ចំណុចស្នូលនៃយុគសម័យ 6G របស់ Samsung គឺការបញ្ចូលបញ្ញាសិប្បនិម្មិត ទៅក្នុងស្ថាបត្យកម្មបណ្តាញទាំងស្រុង ដែលហៅថា AI-Native។ ការធ្វើបែបនេះនឹងជួយឱ្យ៖
- បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយការចំណាយសម្រាប់អ្នកផ្តល់សេវា
- ធានានូវនិរន្តរភាព និងការគ្របដណ្តប់សេវាគ្រប់ទីកន្លែង
- ពង្រឹងប្រព័ន្ធសុវត្ថិភាព និងភាពធន់នៃបណ្តាញទំនាក់ទំនងឱ្យកាន់តែរឹងមាំ។

៣. ការនាំមុខលើស្តង់ដារសកល
បច្ចុប្បន្ន Samsung កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានស្តង់ដារ 6G នៅលើឆាកអន្តរជាតិ។ ក្រុមហ៊ុនបានកាន់តំណែងជាប្រធាន និងអនុប្រធាននៅក្នុងក្រុមការងារបច្ចេកទេសសំខាន់ៗចំនួន ៦ នៃស្ថាប័ន 3GPP និងបានដឹកនាំក្រុមចក្ខុវិស័យ 6G នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU-R) ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ពិភពលោក។

គូសបញ្ជាក់ផងដែរថា តាមរយៈការវិនិយោគលើ 6G នេះ Samsung មិនត្រឹមតែបង្កើតបច្ចេកវិទ្យាទំនាក់ទំនងថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺកំពុងសាងសង់គ្រឹះសម្រាប់អនាគតមួយដែលមនុស្ស និងម៉ាស៊ីនអាចធ្វើការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងរលូន និងមានប្រសិទ្ធភាពបំផុត ដែលវានឹងបើកទ្វារទៅកាន់លទ្ធភាពថ្មីៗរាប់មិនអស់សម្រាប់មនុស្សជាតិទាំងមូល។
