សម្រាប់ប្រព្រឹត្តិការណ៍ស៊ីហ្គេមបន្ទាប់ ត្រូវបានរៀបចំនៅប្រទេសថៃ នៅឆ្នាំ២០២៥ ដែលប្រទេសថៃជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ដោយថៃបានប្រកាសនូវទឹកប្រាក់របស់ខ្លួនចំនួន ២,០៥ពាន់លានបាត ក្នុងការត្រៀមជាម្ចាស់ផ្ទះរួចជាស្រេច។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា៖ គណៈរដ្ឋមន្ត្រីថៃបានយល់ព្រមចំណាយប្រាក់ចំនួន ២,០៥ ពាន់លានបាត ឬប្រមាណជាង ៦០លានដុល្លារអាមេរិក សម្រាប់រៀបចំគ្រប់ព្រឹត្តិការណ៍កីឡាទាំងមូល ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នៅឆ្នាំ២០២៥ ។
សម្រាប់ទឹកប្រាក់ទាំងនោះលោកស្រី Traisuree បានបញ្ជាក់ថា ថវិកានេះនឹងត្រូវបានផ្តល់ចេញពីមូលនិធិរដ្ឋសរុបចំនួន ១.៦៨ពាន់លានបាត (ជិត ៥០លាន$), សិទ្ធទទួលបានការប្រកួត ២០០លានបាត (ជិត ៦លាន$), សំបុត្ររបស់អ្នកទស្សនា ២០លានបាត (ជិត ៦០ម៉ឺន$), ថ្លៃចុះឈ្មោះអត្តពលិក និងក្រុមការងារនៅក្នុងស៊ីហ្គេម ១៣៤លានបាត (ជិត ៤លាន$) និង ថ្លៃចុះឈ្មោះអត្តពលិក និងក្រុមការងារនៅក្នុងអាស៊ានប៉ារ៉ាហ្គេម ១៦លានបាត (ជិត ៤៧ម៉ឺនដុល្លារ)៕
អត្ថបទ៖ ព្រឹម ភក្តី