ក្រុមហ៊ុនយក្សទាំងពីរ Honda និង Sony បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នាក្នុងការបង្កើតក្រុមហ៊ុនថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា «Sony Honda Mobility Inc.» ។ ហើយក្រុមហ៊ុនថ្មីនេះ គឺផ្តោតសំខាន់បំផុតក្នុងការផលិតរថយន្តអគ្គិសនីដ៏ទំនើបជាងគេ ព្រមទាំងសេវាកម្មជួសជុលចល័តផងដែរ។
បើយោងតាមប្រភពពី Electrek.co បានឲ្យដឹងថា Sony Honda mobility Inc. នឹងត្រូវបានបង្កើតនៅក្នុងឆ្នាំ២០២២នេះ ហើយគ្រោងនឹងចាប់ផ្តើមប្រកាសលក់រថយន្តអគ្គិសនី និងសេវាចល័តរបស់ខ្លួននៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ។ ក្នុងកិច្ចព្រមព្រៀងនោះផងដែរ ក្រុមហ៊ុនទាំងពីរបានបែងចែកតួនាទីផ្សេងៗពីគ្នា ដោយ Honda ជាអ្នកទទួលបន្ទុក ក្នុងការអភិវឌ្ឍផ្នែកសុវត្ថិភាពយានយន្ត បច្ចេកវិទ្យាផលិតតួរថយន្ត ការអាប់ដេតរូបរាងខាងក្រៅ និងប្រព័ន្ធគ្រប់គ្រង់ផ្សេងៗទៀត ។
ចំណែកឯ Sony វិញត្រូវបានទទួលខុសត្រូវទៅលើបច្ចេកវិទ្យាផ្នែកខាងក្នុង រួមមាន ឧបករណ៍បំពងសំឡេង អភិវឌ្ឍន៍លើផ្នែកអេក្រង់ឌីជីថល ឬក៏បច្ចេកវិទ្យាកម្សាន្ត និងទទួលខុសត្រូវលើផ្នែក Software ដែលត្រូវផ្តល់ឲ្យទៅ Hondaដើម្បីផលិតនូវប្រព័ន្ធសុវត្ថិភាពដូចជាកាមេរ៉ា សេនស័រចាប់សញ្ញា ជាដើម ។
សរុបមកក្រុមហ៊ុនទាំងពីរនេះ ពិតជាដៃគូសហការគ្នាដ៏អស្ចារ្យមែនទែន ព្រោះម្នាក់មានបទពិសោធន៍ផ្នែកផលិតគ្រឿងយន្ត ហើយម្នាក់ទៀតមានបទពិសោធន៍ខ្លាំងលើផ្នែកបច្ចេកវិទ្យា Software ។
បើយោងតាមសម្តីរបស់ លោក Kenichiro Yoshida ជា CEO របស់ក្រុមហ៊ុន Sony បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងតែរកឱកាសចូលទៅកាន់ទីផ្សាររថយន្តអគ្គិសនីដូចខ្លួនផងដែរ ហើយលោកបានបញ្ជាក់ថា មានតែក្រុមហ៊ុន Apple ដែលមានស្លាកសញ្ញាផ្លែប៉ោម នោះទេទើបអាចជាដៃគូប្រជែងធំរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ Nekkie Asia
គួរជំរាបផងដែរថា Sony ក៏បានបង្ហាញនូវរថយន្តគំរូរបស់ខ្លួនដែលមានឈ្មោះថា VISION-S Concept EV ដែលបានបង្ហាញរូបរាងកាលពីឆ្នាំ២០២០ កន្លងទៅនេះ ហើយ Sony ក៏បានប្រកាសរកដៃគូសហការផងដែរនៅពេលនោះ ។ ប៉ុន្តែយើងក៏មិនដឹងដែរថា Sony នឹងអាចយកគំរូរថយន្តអគ្គិសនីនេះមកអភិវឌ្ឍន៍ដែរឬយ៉ាងណា ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី