ជាធម្មតា ការមិនធ្វើបច្ចុប្បន្នភាព (Update) iOS ជំនាន់ចុងក្រោយបង្អស់នៅលើ iPhone មិនបណ្តាលឱ្យទូរស័ព្ទ "ងាយខូច" ភ្លាមៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចបង្កឱ្យមានបញ្ហាមួយចំនួនដែលប៉ះពាល់ដល់ដំណើរការ និងអាយុកាលរបស់ទូរស័ព្ទបន្តិចម្តងៗ។
Version របស់ iOS ផ្លូវការចុងក្រោយគេបង្អស់គឺ iOS 18.5។ ក្រៅពីនេះក៏មាន iOS 26 Beta 1 ដែលជា Version សាកល្បងសម្រាប់ Developer ។ ហើយបញ្ហាប្រឈមនៃការមិនដំឡើង Version (Update) មានសំខាន់ៗដែលអ្នកប្រើប្រាស់អាចជួបប្រទះ៖
1. ហានិភ័យសុវត្ថិភាព: នេះគឺជាបញ្ហាធំបំផុត។ រាល់ Version ថ្មីៗតែងតែមានការកែលម្អប្រព័ន្ធសុវត្ថិភាពដើម្បីការពារទូរស័ព្ទរបស់អ្នកពីមេរោគ (malware) និងការវាយប្រហារតាមអ៊ីនធឺណិត។ ប្រសិនបើអ្នកមិនដំឡើង Version ទេ គឺដូចជាអ្នកទុកទ្វារចោលឱ្យចោរចូលផ្ទះអ៊ីចឹងដែរ។
2. កម្មវិធីដំណើរការមិនបានល្អ ឬគាំង: កម្មវិធីជាច្រើននៅក្នុង App Store ត្រូវបានបង្កើតឡើងសម្រាប់ Version iOS ថ្មីៗ។ ប្រសិនបើទូរស័ព្ទរបស់អ្នកនៅ Version ចាស់ នោះកម្មវិធីទាំងនោះអាចនឹងដំណើរការមិនបានស្រួល គាំង ឬមិនអាចដំឡើងបានតែម្ដង។ ជួនកាលកម្មវិធីខ្លះតម្រូវឱ្យអ្នកដំឡើង Version ថ្មីទើបអាចប្រើបាន។
3. មិនមានមុខងារថ្មីៗ: រាល់ Version ថ្មីៗតែងតែភ្ជាប់មកជាមួយមុខងារពិសេសៗ និងការកែលម្អថ្មីៗ ដូចជាមុខងារកាមេរ៉ា, ការប្រើប្រាស់ថ្ម, ឬ UI (User Interface) ថ្មីជាដើម។ ប្រសិនបើអ្នកមិនដំឡើងទេ អ្នកនឹងខកខានការប្រើប្រាស់មុខងារទំនើបៗទាំងនោះ។
4. ដំណើរការទូរស័ព្ទថយចុះ: ពេលខ្លះការមិនដំឡើង Version អាចបណ្ដាលឱ្យទូរស័ព្ទដំណើរការយឺត ឬអស់ថ្មលឿនជាងមុន ដោយសារតែប្រព័ន្ធចាស់មិនសូវមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានរបស់ទូរស័ព្ទ។
5. មិនទទួលបានជំនួយបច្ចេកទេស: ប្រសិនបើទូរស័ព្ទរបស់អ្នកជួបបញ្ហា ហើយអ្នកត្រូវការជំនួយពី Apple ឬអ្នកជំនាញផ្សេងទៀត ពួកគេអាចនឹងស្នើសុំឱ្យអ្នកដំឡើង Version ចុងក្រោយមុននឹងជួយដោះស្រាយបញ្ហាឱ្យបាន។
គូសបញ្ជាក់ផងដែរថា មិនមែន iPhone គ្រប់ស៊េរីសុទ្ធតែអាចដំឡើង Version ចុងក្រោយបាននោះទេ ព្រោះក្រុមហ៊ុន Apple នឹងបញ្ឈប់ការផ្ដល់ការគាំទ្រដល់ទូរស័ព្ទស៊េរីចាស់ៗតាមដំណាក់កាល។
អត្ថបទដោយ៖ ងួន ឃុនណា