ពីមុនយើងធ្លាប់តែឮថាក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនមួយដែលលេចធ្លោរខាងការផលិតទូរស័ព្ទ ប៉ុន្តែអ្នកបានដឹងទេថា បច្ចុប្បន្ន Nokia គឺកំពុងតែសំងំរកស៊ីជាមួយនឹងការផ្គត់ផ្គង់ទៅលើផ្នែកសេវាទូរស័ព្ទ អង់តែន ឬយើងអាចហៅបានថា Network Infrastructure Business។ ដោយឡែកថ្មីៗនេះមានដំណឹងថា Samsung កំពុងតែចាប់អារម្មណ៍ចង់ទិញបច្ចេកវិទ្យានេះពី Nokia ។
យោងទៅតាម Sammobile បានឲ្យដឹងថា Nokia គឺមានភាពលំបាកក្នុងការប្រកួប្រជែងជាមួយនឹងក្រុមហ៊ុនធំៗ២អស់រយៈពេលជាច្រើនឆ្នាំមកហើយគឺក្រុមហ៊ុន Ericsson និង Huawei ដូច្នេះហើយធ្វើឲ្យ Nokia ចង់លក់ផ្នែកខ្លះនៃអាជីវកម្មមួយនេះ ឬលក់ទាំងអស់តែម្តង ហើយនៅមានជម្រើសមួយទៀតគឺដាក់វាបញ្ចូលគ្នាជាមួយនឹងដៃគូរប្រជែងណាមួយរបស់ខ្លួន។ យ៉ាងណាមិញបើទោះបីជាមានការចាប់អារម្មណ៍ពី Samsung ក៏ពិតមែនប៉ុន្តែ Nokia នៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ ម្យ៉ាងទៀតសម្រាប់អាជីវកម្មទូរគមនាគមន៍ ក៏ដូចជាឧបកណ៍សម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មមួយនេះគឺមានទំហំទឹកប្រាក់ដល់ទៅ 10ពាន់លានដុល្លារឯណោះ ខណៈក្រុមហ៊ុន Samsung ចង់បានបច្ចេកវិទ្យារបស់ Nokia មួយនេះ ទៅពង្រឹងលើប្រព័ន្ធសេវាទូរស័ព្ទរបស់ខ្លួនឬក៏ហៅថា Radio Access Network (RAN) ។
ប្រភពដដែលក៏បានបន្តថា ប្រសិនបើ Samsung ធ្វើការទិញបណ្តាញទូរស័ព្ទចល័ត ( Mobile Network Business) របស់ Nokia បាននោះចំណែកទីផ្សារនៃបណ្តាញ RAN របស់ Samsung នឹងហក់ឡើងពី 6.1% ដល់ 25.6% ពោលគឺអាចនឹងក្លាយជាក្រុមហ៊ុនធំលំដាប់ទី២លើពិភពលោកក្នុងការផ្តល់ជាមួយនឹងប្រព័ន្ធ Radio Access Network (RAN) តែម្តង។
អត្ថបទដោយ៖ រិន មករា