មានដុងតាំងពីកុមារភាព យុវជន សេង ប៊ុនស្រ៊ុន មានស្រុកកំណើតនៅខេត្តកំពង់ធំ បានបើកមុខរបរ កែច្នៃកូនឡានតូច ដែលអាចលេងបានទាំងមនុស្សចាស់ និងកូនក្មេង ដោយក្នុង ១គ្រឿង អាចលក់បានចន្លោះពី ៥០០ ទៅ ១០០០ដុល្លារ តាមប្រភេទឡានតូច និងធំ។
នៅក្នុងកិច្ចសម្ភាសន៍ លោក សេង ប៊ុនស្រ៊ុន បានប្រាប់មកកាន់ក្រុមការងារយើងថា មូលហេតុដែលញ៉ាំងឲ្យគាត់សម្រេចចិត្តបោះបង់ការងារប្រាក់ខែខ្ទង់ពាន់ដុល្លារ ស្រវាមកចាប់មុខរបរច្នៃកូនឡានក្មេងលេង មកជាល្បែងកំសាន្តសម្រាប់មនុស្សធំដែលពេញនិយមលេង ហើយក៏ជាមុខរបរ ដ៏កម្រមួយ មិនសូវមានអ្នកនឹកឃើញប្រកបឡើយ។
ជាមួយគ្នានេះដែរ សម្រាប់កូនឡានដែលគាត់បានច្នៃ និងផ្គុំឡើងមក គឺមានសភាពដូចរបស់ពិតអ៊ីចឹង ជាក់ស្តែងដូចជាក្បាលឡានកុងតាន័រ ក្នុងរូបខាងលើ វាដូចនឹងរបស់ពិតៗ ក្រៅពីនេះគាត់អាចផលិតបាននូវរបស់លេងជាច្រើនទៀតដូចជា ប្រភេទឡានដឹក (៥ ទៅ ៦តោន) , ឡានកុងតាន័រកង់១០ , អេស្កាវ៉ាទ័រ, ត្រាក់ទ័រឈូសដី, ឡានបែន, រួមទាំងរថក្រោះផងដែរ។
លោកក៏បានបន្តនិយាយទៀតថា ក្នុងឡាន១ គ្រឿង គាត់អាចធ្វើរួចរាល់ ត្រឹមពេលតែ ១សប្ភាហ៍តែប៉ុណ្ណោះ ដែលអាស្រ័យលើគ្រឿងបង្គំដែលមានស្រាប់ក្នុងស្តុក។ ម្យ៉ាងវិញទៀត សម្រាប់កម្រៃដែលគាត់រកបានក្នុង១ គ្រឿង អាចលក់ចន្លោះពី ៥០០ដុល្លារទៅ ១០០០ដុល្លារ ឯណោះ អាស្រ័យលើការកម្មង់របស់អតិថិជន និងទំហំរបស់ឡាននីមួយៗ។
លោក ប៊ុនស្រ៊ុន ស្ថាបនិកគ្រុប RC Truck Cambodia ដែលជាគ្រុប ប្រមូលផ្តុំទៅដោយអ្នកចូលចិត្តលេងកូនឡានកែច្នៃ ហើយគាត់បានបញ្ជាក់ថា “ សមាជិករបស់ RC Truck Cambodia ជាអ្នកនិយម និងចូលចិត្ត ឲ្យតម្លៃលើការកែច្នៃកូនឡានខ្លាំងមែនទែន ហើយពួកគេគឺគាំទ្រនូវស្នាដៃកូនខ្មែរ លើកស្ទួយសិល្ប:នៃការកែច្នៃ។
មួយវិញទៀត លោកបានសង្កត់ធ្ងន់ថា សម្រាប់អតិថិជនដែលបានជាវកូនឡានកែច្នៃពីគាត់ទៅ ភាគច្រើនជាក្រុមមនុស្សដែលប្រកបមុខរបររកលុយតាមយូធូប ដែលពួកគេចូលចិត្តទិញសម្រាប់ទុកថតជាវីដេអូ ដើម្បីរកលុយតាមបណ្តាញសង្គម ដូចជា តិកតុក, យូធូប និងហ្វេសប៊ុក ជាដើម។
គួរជំរាបផងដែរថា លោក សេង ប៊ុនស្រ៊ុន បានប្រកបមុខរបរកែច្នៃកូនឡាននេះ អស់រយ:ពេលឆ្នាំ២ ហើយបច្ចុប្បន្ននេះសន្ទុះនៃការគាំទ្រ និងជាវទិញមានសន្ទុះកើនឡើងខ្លាំងមែនទែន ជាពិសេសអំឡុងពេលដែលក្រុមហ៊ុន Youtube បានបើក advertise (ads) ឬពាណិជ្ជកម្មអនុញ្ញាតឲ្យអ្នក Youtuber នៅស្រុកខ្មែរអាចរកលុយបានឡើងវិញ បន្ទាប់ពីបានបិទអស់រយ:ពេលជិត ១ឆ្នាំ។
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវកូនឡានពីខាងគាត់ អាចរកបានតាមរយ: ក្នុង Facebook Group : RC Truck Cambodia បានយ៉ាងងាយ ឬអាចទាក់ទងតាមលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោក សេង ប៊ុនស្រ៊ុន : 078 454 243 ៕
អត្ថបទដោយ៖ ព្រឹម ភក្តី