ក្រុមហ៊ុន AI ឈានមុខគេ Anthropic បានប្រកាសចូលរួមជាសមាជិកជាមួយ Frontier ដែលជាក្រុមសម្ព័ន្ធកម្ចាត់កាបូនឌីអុកស៊ីត ដោយបានរួមចំណែកក្នុងកញ្ចប់ថវិកាថ្មីចំនួន ៩១៥ លានដុល្លារ។ ការចូលរួមនេះបានធ្វើឱ្យ Anthropic ក្លាយជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតសុទ្ធសាធដំបូងគេបង្អស់នៅក្នុងក្រុមនេះ ចំពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា AI នានាកំពុងរងការរិះគន់យ៉ាងខ្លាំងជុំវិញការប្រើប្រាស់ថាមពលអគ្គិសនីយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការបណ្តុះបណ្តាលបច្ចេកវិទ្យារបស់ខ្លួន។

ការរួមចំណែកថវិកាថ្មីនេះ បានធ្វើឱ្យទំហំទឹកប្រាក់ប្តេជ្ញាចិត្តសរុបរបស់ Frontier កើនឡើងទ្វេដងរហូតដល់ ១.៨ ពាន់លានដុល្លារ។ កន្លងមក ក្រុមសម្ព័ន្ធមួយនេះបានចុះកិច្ចសន្យាជិត ៧០០ លានដុល្លារ លើគម្រោងជាង ៥០ ដើម្បីកម្ចាត់កាបូនចំនួន ១.៨ លានតោន ដោយអនុញ្ញាតឱ្យក្រុមហ៊ុនជាសមាជិកប្រើប្រាស់ឥណទានកម្ចាត់កាបូន ទាំងនោះ ទៅទូទាត់ជាមួយទិន្នន័យនៃការបំភាយកាបូនក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីឈានទៅសម្រេចគោលដៅបំភាយឧស្ម័នស្មើសូន្យ (Net Zero)។

ស្របពេលជាមួយគ្នានេះ Frontier បានប្រកាសផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយប្តូរពីការបណ្តាក់ទុនលើគម្រោងតូចៗជាច្រើន មកបង្កើនការពិនិត្យពិច័យយ៉ាងតឹងរ៉ឹង និងផ្តោតលើគម្រោងខ្នាតធំចំនួនតិចជាងមុនវិញ។ គម្រោងថ្មីៗដែលនឹងត្រូវជ្រើសរើស ត្រូវតែជាគម្រោងដែលមានសក្តានុពលអាចកម្ចាត់កាបូនបានដល់ទៅ ១ ពាន់លានតោន (Gigaton) ក្នុងមួយឆ្នាំៗ ហើយកិច្ចសន្យានីមួយៗនឹងមានរយៈពេលវែងចាប់ពី ៨ ដល់ ១០ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសម្ព័ន្ធ Frontier បានបញ្ជាក់ច្បាស់ថានឹងមិនគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យនេះជារៀងរហូតឡើយ ដោយតម្រូវឱ្យក្រុមហ៊ុនកម្ចាត់កាបូនទាំងអស់ត្រូវបង្ហាញពីលទ្ធភាពទទួលបានការគាំទ្រ ឬឧបត្ថម្ភធនពីរដ្ឋាភិបាល។ Frontier គ្រោងនឹងចុះកិច្ចសន្យាវែងបំផុតត្រឹមឆ្នាំ ២០៤០ ដោយរំពឹងថានៅពេលនោះ រដ្ឋាភិបាលនៃប្រទេសនានានឹងចូលខ្លួនមកដើរតួនាទីចម្បងក្នុងការដោះស្រាយ និងរ៉ាប់រងការចំណាយលើវិបត្តិអាកាសធាតុនេះជំនួសវិស័យឯកជន។
