ថ្មីៗក្រុមហ៊ុន Nokia បានបញ្ចេញនូវគម្រោងថ្មីមួយដែលសហការជាមួយអង្គការ NASA ក្នុងការដាក់អង់តែនសេវា 4G/LTE នៅក្នុងឆ្នាំនេះនៅលើផ្ទៃនៃភពព្រះច័ន្ទ។ ប្លែកមែនទែនដែលក្រុមហ៊ុន Nokia បានគិតដល់គម្រោងមួយនេះជាមួយនឹង NASA ហើយនេះក៏ជាសេវាកម្មដំបូងគេបង្អស់ដែល Nokia បានសហការធ្វើបណ្តាញទូរស័ព្ទចល័តនេះឡើង។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន Nokia បានបង្ហោះជាសាធារណៈនៅវេបសាយផ្លូវការរបស់ខ្លួនថានៅក្នុងឆ្នាំ ២០២៥ នេះអង្គការ NASA បានយល់ស្រមជាមួយកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Nokia ក្នុងការដាក់អង់តែនសេវា 4G/LTE នៅលើផ្ទៃនៃភពព្រះច័ន្ទ។ ការខិតខំប្រឹងប្រែងឥតឈប់ឈរមួយនេះបានជំរុញការរុករកអវកាសយ៉ាងសកម្ម ពីបេសកកម្មមនុស្សជិះទៅកាន់យានអាវកាសដែលកំពុងធ្វើដំណើរយ៉ាងលឿនទៅកាន់ជ្រុងមួយដែលឆ្ងាយបំផុតនៃប្រព័ន្ធព្រះអាទិត្យ។
យ៉ាងណាមិញការសហប្រតិបត្តិការមួយនេះក្នុងគោលបំណង ទំនាក់ទំនងគ្នាមានភាពងាយស្រួលរវាងអ្នករុករកអាវកាសនៅក្នុងបរិវេណនៃភពព្រះច័ន្ទ បណ្តាញនេះនឹងជួយឱ្យផ្ញើវីដេអូច្បាស់ល្អ និងការនិយាយគ្នានៅលើព្រះច័ន្ទដោយរលូន ងាយស្រួលប្រាស្រ័យទាក់ទងគ្នា ខណៈដែលទីភ្នាក់ងារអាវកាសជុំវិញពិភពលោកកំពុងប្រណាំងប្រជែង។ Nokia ដែលជាអ្នកត្រួសត្រាយបច្ចេកវិទ្យាឥតខ្សែ និងបណ្តាញ ប្រព័ន្ធទសវត្សរ៍ថ្មីជាមួយនឹងគម្រោងដ៏មហិច្ឆតាមួយនេះ បន្ទាប់ពីវាត្រូវបានជ្រើសរើសដោយ NASA ដើម្បីសាងសង់បណ្តាញទូរស័ព្ទដំបូងគេបង្អស់នៅលើភពព្រះច័ន្ទ។
Nokia នឹងកំពុងអភិវឌ្ឍបច្ចេកវិទ្យាដ៏ទំនើបដោយដាក់ពង្រាយប្រព័ន្ធទំនាក់ទំនង LTE/4G នៅលើផ្ទៃព្រះច័ន្ទ ដែលជួយត្រួសត្រាយផ្លូវសម្រាប់វត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើព្រះច័ន្ទ។ Nokia គឺជាផ្នែកមួយនៃកម្មវិធី Tipping Point របស់ NASA ដែលជំរុញការអភិវឌ្ឍសមត្ថភាពអវកាសពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ដល់បេសកកម្មនាពេលអនាគត។ NASA មានគម្រោងប្រើប្រាស់ការច្នៃប្រឌិតទាំងនេះសម្រាប់កម្មវិធី Artemis របស់ខ្លួន ដែលនឹងបង្កើតប្រតិបត្តិការប្រកបដោយនិរន្តរភាពនៅលើព្រះច័ន្ទនៅចុងទសវត្សរ៍នេះ ដើម្បីត្រៀមសម្រាប់បេសកកម្មបន្តទៅកាន់ភពព្រះអង្គារ។
Thierry E. Klein ប្រធានផ្នែកស្រាវជ្រាវដំណោះស្រាយ Bell Labs ក្នុងការសម្ភាសន៍មួយ បានផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីគំនិតផ្តួចផ្តើមដ៏មហិច្ឆតាដែលនឹងឃើញបណ្តាញ LTE/4G របស់ Nokia ដែលជាអ្នកនាំមុខគេទៅកាន់ 5G ផ្តល់នូវសមត្ថភាពទំនាក់ទំនងដ៏សំខាន់សម្រាប់កម្មវិធីបញ្ជូនទិន្នន័យនាពេលអនាគតជាច្រើន។
គូសបញ្ជាក់ថា នេះគឺជាគម្រោងដំបូងគេ Nokia បានបង្កើតឡើងដោយបច្ចេកវិទ្យាទំនើប សម្រាប់ការផ្សារភា្ជប់សេវា LTE/4G នៅលើភពព្រះច័ន្ទ ហើយសេវាកម្មមួយនេះគឺជាភាពងាយស្រួលដែលអាចឲ្យអ្នករុករកអាវកាសងាយស្រួលទាក់ទងគ្នាពីគន្លងមួយទៅគន្លងមួយជាពិសេសជាភាពងាយស្រួយក្នុងការស្វែងរកជំនួយពេលមានអាសន្នក្នុងការផ្តល់ដំណឹងយ៉ាងឆាប់រហ័សទៅកាន់ទីភ្នាក់ងារអាវកាសផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា