ព្រឹត្តិការណ៍ MWC Shanghai 2024 លើកនេះ ក្រុមហ៊ុន Huawei បានរៀបចំស្តង់របស់ខ្លួនយ៉ាងធំ សឹងតែដូចរមណីយដ្ឋានតូចមួយទៅហើយ ដោយមានអក្សរធំៗថា “Advancing the Intelligent World” ជាមួយនឹងការតាំងបង្ហាញនូវដំណោះស្រាយ ក៏ដូចជាផលិតផលជាច្រើនរបស់ខ្លួនជុំវិញរង្វង់បច្ចេកវិទ្យា 5G-A និង AI។
ជាមួយគ្នានេះ Huawei ក៏បានប្រកាសពីកិច្ចព្រមព្រៀងចំនួន ៦ ក្នុងការត្រួសត្រាយផ្លូវបច្ចេកវិទ្យា 5.5G ឬ 5G-A ជាមួយនឹងប្រតិបត្តិករធំៗជាច្រើនទៀតមកពីជុំវិញពិភពលោក និង ដាក់សម្ពោធជាផ្លូវការនូវកិច្ចផ្ដួចផ្ដើមជារួមសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាវីដេអូកម្រិតខ្ពស់សម្រាប់ទូរស័ព្ទក្នុងយុគសម័យ AI ជាមួយនឹងប្រតិបត្តិករសកល អតិថិជនក្នុងវិស័យ និង ស្ថាប័នពាក់ព័ន្ធដទៃទៀត។
ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនប្រតិបត្តិករឈានមុខជាច្រើនក្នុងបណ្ដាប្រទេសមជ្ឈិមបូព៌ា និង ប្រទេសចិន បានចាប់ផ្ដើមបញ្ចេញនូវប្រព័ន្ធបណ្ដាញសេវា 5G-A ជាផ្លូវការដោយមានខ្លះចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់នូវកញ្ចប់សេវាកម្ម 5G0A ប្លែកៗគ្នាដោយផ្តោតលើបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់រៀងៗខ្លួន។
ប្រធាននាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកនៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធ ICT លោក David Want បានថ្លែងសន្ទុរកថាដ៏មានអត្ថន័យក្រោមប្រធានបទ “ជម្រុញអនាគតនៃ 5G-A និង តម្រង់ទិសយុគសម័យទូរស័ព្ទ AI” ដោយលោកបានលើកឡើងថា “ខែនេះជាឆ្នាំទី ៥ នៃការដាក់ប្រើប្រាស់បច្ចេកវិទ្យា 5G ជាលក្ខណៈពាណិជ្ជកម្ម។ រយៈកាល ៥ ឆ្នាំកន្លងទៅនេះ 5G លក្ខណៈពាណិជ្ជកម្មបានសម្រេចបាននូវជោគជ័យគួរឱ្យកត់សម្គាល់ និង បានបង្កើតឱ្យមានឥទ្ធិពលមិនធ្លាប់មានពីមុនមកទៅលើវិស័យទូរគមនាគមន៍សល។”
លោកបានបន្តទៀតថា៖ “២០២៤ ជាការចាប់ផ្ដើមនៃយុគទូរស័ព្ទ AI អរគុណដល់ការដាក់សម្ពោធនៃបច្ចេកវិទ្យា 5G-A ជាលក្ខណៈពាណិជ្ជកម្ម និង ឧបករណ៍ AI ដទៃទៀត។ បច្ចេកវិទ្យាអស់ទាំងនេះនឹងជាគន្លឹះធ្វើឱ្យសេវាកម្មពាក់ព័ន្ធនឹងបញ្ញានេះមានវត្តមានគ្រប់ទីកន្លែង។ យុគនេះមិនត្រឹមតែផ្លាស់ប្ដូររបៀបមនុស្សទំនាក់ទំនងជាមួយនឹងម៉ាស៊ីនទេ ប៉ុន្តែក៏ផ្លាស់ប្ដូររបៀបនៃការផលិតមាតិការ និង ឧបករណ៍ទូរស័ព្ទផងដែរ ព្រមទាំងធ្វើឱ្យសង្គមកាន់តែមានភាពរស់រវើក បង្កើតឱកាសកាន់តែច្រើនសម្រាប់ឧស្សាហកម្មទូរស័ព្ទ។ នៅ Huawei យើងនឹងបន្តជម្រុញការអភិវឌ្ឍបច្ចេកវិទ្យា 5G-A ពីគ្រប់ជ្រុងទាំង ‘ប្រព័ន្ធបណ្ដាញសេវាសម្រាប់ AI’ និង ‘AIសម្រាប់ប្រព័ន្ធបណ្ដាញសេវា’ ដើម្បីបង្កើតគុណតម្លៃដល់អាជីវកម្ម។ Huawei សម្លឹងឆ្ពោះទៅមុខ រង់ចាំសហការធ្វើការជាមួយភាគីពាក់ព័ន្ធនៅក្នុងវិស័យទាំងអស់ដើម្បីចាប់យកឱកាសដ៏ធំនេះ បង្ហាញឡើងតាមរយៈ យុគសម័យទូរស័ព្ទ AI តម្រង់ទិសពិភពលោកពោរពេញដោយបញ្ញា”។
បើតាមទីន្នន័យពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Huawei បានឱ្យដឹងថាចំនួនអ្នកប្រើប្រាស់ 5G លើពិភពលោកមានលើស ១.៨ពាន់លាននាក់ ហើយប្រតិបត្តិករជាច្រើនបានចាបយកនិងមើលឃើញពីប្រយោជន៍នៃរលកទី១របស់ 5G រួចទៅហើយ។
សេវាកម្មសម្រាប់អតិថិជនដូចជា ការហៅទូរស័ព្ទបែបថ្មី Cloud Phones ឬ អេក្រង់អាចមើលវីដេអូ 3D បាន តម្រូវឱ្យមានតម្រូវការប្រើប្រាស់បណ្ដាញប្រព័ន្ធសេវាខ្ពស់ ល្បឿនលឿន ភាពយឺតទាបបំផុត។
បើសិនជាគេនិយាយពីសេវាកម្មសម្រាប់ប្រភេទឧស្សាហកម្មវិញ ប្រព័ន្ធអេកូឡូស៊ីរបស់ RadCap មានសភាពចាស់ទុំជាងមុនច្រើន បច្ចេកវិទ្យា IoT ក៏កំពុងលេចវត្តមានទៅលើទីផ្សារកាន់តែធំជាងនេះដែរ និង បច្ចេកវិទ្យា IoV (អ៊ីនធឺណេតសម្រាប់យានយន្ត) ត្រូវការល្បឿនលឿន។ ឆាប់ៗនេះយើងនឹងឃើញរលកទីពីរនៃ ប្រយោជន៍ពាណិជ្ជកម្ម ខណៈនឹងមានឧបករណ៍តភ្ជាប់ទៅនឹងអ៊ីនធឺណេតច្រើនជាង ១០០ពាន់លានឧបករណ៍ កកើតឡើងដោយសារការរីកចម្រើននៃវិស័យ និង គម្រូអាជីវកម្មថ្មីៗ។
បច្ចុប្បន្នមានប្រតិបត្តិករច្រើនជាង ៣០ បានបំពេញរួចរាល់នូវលក្ខខណ្ឌបច្ចេកទេសសម្រាប់ការពង្រីកទៅកាន់ 5G-A ហើយមានម៉ូដែលទូរស័ព្ទច្រើនជាង ២០ នៅលើទីផ្សារ អាចគាំទ្រសេវាច្រើនប្រព័ន្ធ នៅលើ 5G-A នេះ។ មានប្រតិបត្តិករច្រើនជាង ១០ បានប្រកាសអំពីគម្រោងក្នុងការដាក់បច្ចេកវិទ្យា 5G-A ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មដោយរួមបញ្ចូលទាំងកញ្ចប់សេវាកម្ម 5G-A និង សេវាកម្មពាក់ព័ន្ធដទៃទៀត៕