នាព្រឹត្តិការណ៍ Mobile World Congress Shanghai 2024 ក្រុមហ៊ុន Huawei បានប្រកាសពីគំនិតផ្ដួចផ្ដើមប្រកបដោយនវានុវត្តន៍របស់ខ្លួនឈ្មោះថា Open Gateway Initiative សម្ដៅរកការផ្លាស់ប្ដូរវិស័យទូរគមនាគមន៍ឱ្យឆ្ពោះទៅមុខ តាមរយៈការបញ្ចូលបច្ចេកវិទ្យា 5G-A និង AI ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាតាមរយៈការប្រើប្រាស់ API ពិសេស។
ក្នុងវេទិការកំពូលមួយក្រោមប្រធានបទ Accelerating Open Gateway in the Era 5G-Advanced ប្រព្រឹត្តិទៅក្នុងព្រឹត្តិការណ៍ MWC Shanghai 2024 នេះ វេជ្ជបណ្ឌិត Phillip Song ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Huawei Carrier Business Group បានធ្វើការពន្យល់អំពីរបៀបដែល Open Gateway នឹងមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនសេវាទូរស័ព្ទ ក្នុងការចាប់យកប្រតិបត្តិការដែលផ្ដោតលើបទពិសោធន៍ល្អពីសមត្ថភាពផ្សេងៗនៃបច្ចេកវិទ្យាប្រព័ន្ធបណ្ដាញសេវា 5G-A ក្នុងយុគសម័យនៃ ទូរស័ព្ទ AI នេះ។
តាមបទបង្ហាញពីសំណាក់លោកវេជ្ជបណ្ឌិត Song ដដែលបានឱ្យដឹងថា Open Gateway នឹងអនុញ្ញាតឱ្យក្រុមហ៊ុនសេវាទូរស័ព្ទបង្កើត និងផ្ដល់ឱ្យសេវាដែលថ្មី មានសភាពងាយស្រួលប្រើប្រាស់សម្រាប់អ្នកប្រើ តាមរយៈការប្រើប្រាស់ APIs បើកទូលាយ ក្រុមហ៊ុនទាំងនោះនឹងអាចផ្ដល់បទពិសោធន៍ដាច់ដោយឡែកដល់អ្នកប្រើប្រាស់នីមួយៗ។
ជាមួយគ្នានេះក្រុមហ៊ុនសេវាទូរស័ព្ទក៏អាចនឹងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ខ្លួនផងដែរ ព្រមទាំងអភិវឌ្ឍច្រករកចំណូលថ្មីបន្ថែមទៀត។
គេឃើញមានប្រយោជន៍ជាគន្លឹះសំខាន់ ៣ នៃការប្រើប្រាស់ Open Gateway នេះ៖
- ធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អ្នកប្រើប្រាស់: តាមរយៈការទាញ AI និង 5G-A បញ្ចូលគ្នា ក្រុមហ៊ុន សេវាទូរស័ព្ទអាចផ្ដល់ជូននូវសេវាសម្រិតសម្រាំងយ៉ាងពិសេសបំពេញតម្រូវការអ្នកប្រើប្រាស់ម្នាក់ៗបាន
- គម្រូអាជីវកម្មថ្មី: APIs នេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្វែងរកផ្លូវថ្មីក្នុងការរកចំណូលបន្ថែមពីសេវាកម្មរបស់ខ្លួន
- ការកើនឡើងនៃប្រសិទ្ធភាព: Open APIs នឹងជួយសម្រួលដល់ការដាក់ឱ្យប្រើប្រាស់នូវសេវាថ្មីៗបានលឿន និង ងាយស្រួលក្នុងការគ្រប់គ្រងកាន់តែប្រសើរនៃធនធានផ្សេងៗ។
ចំពោះគម្រោងបន្ថែមទៀត Huawei នឹងនៅតែបន្តក្នុងការអភិវឌ្ឍ APIs សម្រាប់ប្រព័ន្ធបណ្ដាញសេវា និង សហការជាមួយនឹងក្រុមហ៊ុនសេវាទូរស័ព្ទសកលក្នុងការជម្រុញនិងអភិវឌ្ឍ សេវាថ្មីៗបន្ថែមទៀត។
សរុបជារួម Open Gateway នេះនឹងជម្រុញនវានុវត្តន៍ថ្មីលើវិស័យទូរគមនាគមន៍ និង ឱកាសរកស៊ីថ្មីនៅក្នុងវិស័យនេះ តាមរយៈការចាប់យកប្រយោជន៍ពីភាពរីកចម្រើននៃបច្ចេកវិទ្យា 5G-A និង AI។