បច្ចុប្បន្ននេះក្នុងវិស័យភាពយន្តឬការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗគឺមានភាពទំនើបខ្លាំង ទាំងនៅក្នុងស្រុកខ្មែរយើងជាពិសេសនៅតាមបណ្តាប្រទេសជឿនលឿន។ ក្នុងនោះផងដែរយើងឃើញថា មានជំនាញមួយដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យនេះគឺ VFX ( visual effects ) ហើយជំនាញនេះផងដែរគឺគេកំពុងតែត្រូវការខ្លាំង ប៉ុន្តែមុននឹងឈានជើងចូលក្នុងវិស័យនេះអ្នកគួរដឹងពីគ្រឹះទាំងនេះជាមុនសិន។
យោងតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយលោក Lim Heng (Will) ដែលមានបទពិសោធន៍យូរឆ្នាំក្នុងជំនាញ VFX បានឱ្យដឹងថា មុននឹងគាត់អាចចាប់យកគម្រោងធំៗដូចពេលបច្ចុប្បន្ន គឺគាត់បានប្រឡូកចូលក្នុងវិស័យនេះតាំងពីនៅរៀនវិទ្យាល័យមកម្លេះប្រហែល10ឆ្នាំមុន ដែលដំបូងឡើយគាត់ចាប់ផ្តើមចេញពីការធ្វើទៅលើ Motion Graphic ប៉ុណ្ណោះ។
ដោយកាស្រឡាញ់ក្នុងវិស័យកុននិងការធ្វើ Visual Effects ផ្សេងៗ លោកក៏បានដាក់ចិត្តរៀនក៏ដូចជាធ្វើការទាក់ទងជាមួយវិស័យនេះជាបន្តបន្ទាប់ តាំងពីជំនាន់នោះមិនទាន់មានភាពទូលំទូលាយក្នុងការទទួលបានមេរៀនពិសេសៗដូចពេលឥឡូវនេះ។ ហើយបច្ចុប្បន្នលោកគឺជា Director, Cinematographer និង VFX Artist។
យ៉ាងណាមិញលោកក៏បានចែករំលែកគន្លឹះខ្លះៗដើម្បីក្លាយខ្លួនជា VFX Artist ដោយគន្លឹះទាំងនោះគឺយកចេញពីបទពិសោធន៍ផ្ទាល់ៗរបស់គាត់ដែលបានឆ្លងកាត់ជាង10ឆ្នាំ។ ខាងក្រោមនេះគឺជាជំហ៊ាននីមួយៗដែលអ្នកគួរចាប់ផ្តើម។
ជំហ៊ានដើម្បីក្លាយជា VFX Artist
មូលដ្ឋានគ្រឹះនៃការថតរូប(Photography Basic)
លោកបានណែនាំថា ជំហ៊ានដំបូងដែលអ្នកគួស្វែងយល់ក៏ដូចជាគួរតែចេះនោះគឺ មូលដ្ឋានគ្រឹះនៃការថតរូប ព្រោះថាជំនាញមួយនេះវាអាចឱ្យយើងស្គាល់ពីប្លង់គ្រប់ទម្រង់ ស្គាល់ពីប្រភេទរូបភាព ការប្រើប្រាស់កាមេរ៉ា និងស្គាល់ពីទ្រឹស្តីនៃពន្លឺជាដើម ហើយទាំងអស់នេះសុទ្ធសឹងតែជាផ្នែកមួយនៃការធ្វើ Visual Effects។
មូលដ្ឋានគ្រឹះនៃការថតវីដេអូ(Videography Basic)
ចូលមកដល់ចំណុចនេះគឺស្រដៀងគ្នាជាមួយខាងលើដែរប៉ុន្តែវាអាចឱ្យដឹងថែមមួយកម្រិតទៀតពីដំណើរចលនាក៏ដូចជាសកម្មភាពផ្សេងៗ ហើយអាចឱ្យយើងយល់ដឹងកាន់តែច្បាស់ទៅលើ Frame Rate និង ប្រភេទ File ផ្សេងៗដែលគួរតែថត ជាមួយនឹងការប្រើប្រាស់ Green Screen និង Blue Screen ជាដើម។
កម្មវិធីដែលគួរប្រើក្នុងកម្រិតដំបូង (Software Editing Basic)
មុននឹងឈានទៅដល់ការប្រើប្រាស់កម្មវិធីធំៗដើម្បីធ្វើជា Animation និងធ្វើ Visual Effects លោកបានណែនាំឱ្យអ្នកដែលទើបចាប់ផ្តើមដំបូងគួរតែចេះនូវ Software មួយចំនួនដូចជា Adobe After Effect, Premiere Pro, Photoshop, និង Adobe Illustrator ជាដើម ដោយ Software ទាំងអស់នេះវាអាចឱ្យអ្នកទាំងអស់គ្នាយល់ដឹងកាន់តែច្បាស់ពីការផលិតវីដេអូក៏ដូចជាការធ្វើ Motion Graphic ជាដើម ដែលយើងឧស្សាហ៍ឃើញនៅលើការផ្សាយពាណិជ្ចកម្មពីបណ្តាក្រុមហ៊ុនជាច្រើននាពេលបច្ចុប្បន្ន។
សិក្សាខ្លួនឯងបន្ថែម(Self Learning)
រឿងដែលសំខាន់មិនអាចខ្វះបាននោះគឺការរៀនដោយខ្លួនឯងបន្ថែម ដូចជាការរៀនតាម YouTube តាមវេបសាយផ្សេងៗ តាមសាលាឬវគ្គខ្លីៗ និងតាមប្រភពផ្សេងៗទៀតដែលអ្នកអាចរៀនបាន។ មិនតែប៉ុណ្ណោះលោកក៏បានចែករំលែកប្រភពល្អៗជាច្រើនដែលអ្នកចូលទៅរៀនបានទាក់ទងជាមួយនឹងការធ្វើ VFX ក៏ដូចជាការធ្វើ Animation ផ្សេងៗទៀត ហើយចំពោះប្រភពទាំងអស់នោះនិងដាក់ជូននៅខាងក្រោម។
បង្ហាញស្នាដៃរបស់ខ្លួនលើបណ្តាញសង្គម
ដើម្បីឱ្យជំនាញមួយកាន់តែមានការរីកចម្រើនបង្ហាញឱ្យអ្នកដ៏ទៃដឹងថាយើងកំពុងតែមានជំនាញលើអ្វី លោក Lim Heng បានសង្កត់ធ្ងន់ថា រាល់គម្រោងដែលអ្នកបានធ្វើមិនថាជាការងារ Freelance ក៏ដោយ អ្នកក៏គួរតែបង្ហាញវានៅលើបណ្តាញសង្គមដូចជា Facebook, YouTube, TikTok ជាដើមដើម្បីឱ្យ ស្នាដៃដែលយើងបានធ្វើទៅដល់ក្រសែភ្នែកក្រុមហ៊ុនផ្សេងៗដែលកំពុងត្រូវការ។
គូសបញ្ជាក់ផងដែរថា ខាងលើនេះគ្រាន់តែជាគន្លឹះខ្លីៗមួយចំនួនប៉ុណ្ណោះដែលបានចែកចេញពីបទពិសោធន៍ពិតៗឆ្លងកាត់ជាយូរឆ្នាំរបស់លោក Lim Heng (Will) ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់សិក្សាស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតគឺអាចចូលទៅសិក្សាតាមរយៈប្រភពមួយចំនួនខាងក្រោមដែលបានចែករំលែកដោយលោក Lim Heng ផ្ទាល់៖
សៀវភៅ
The Filmmaker’s Guide to Visual Effects
វីដេអូ
អត្ថបទដោយ៖ រិន មករា