2023 ទំនោរនៃការស្គាល់ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI គឺកាន់តែច្រើនឡើងៗ ដោយឡែកក្រុមហ៊ុន Meta ដែលបានលូកដៃចូលទៅក្នុង Metaverse អស់រយៈពេល២ឆ្នាំមកនេះក៏កំពុងចាប់អារម្មណ៍ក៏ដូចជាចង់ងាកមករកបច្ចេកវិទ្យា AI និងត្រៀមបញ្ចេញឲ្យប្រើប្រាស់ផងដែរ។
យោងទៅតាមការចុះផ្សាយរបស់ Financial Time បានឲ្យដឹងថា នៅក្នុងការបង្ហាញពីរបាយការណ៍ចំណូលក្នុងត្រីមាសទី1 នៅឆ្នាំ 2023 លោក Mark Zuckerberg បានថ្លែងប្រាប់ទៅកាន់អ្នកវិនិយោគគ្រប់គ្នាថា នឹងបញ្ចេញមុខងារ AI (AI Agent)ទៅកាន់មនុស្សរាប់ពាន់លាននាក់ដើម្បីធ្វើការប្រើប្រាស់។
ក្នុងនោះផងដែរចំពោះបាយការណ៍ចំណូលក្នុងត្រីមាសទី1 នៃឆ្នាំ 2023 នេះគឺ Meta អាចរកបានរហូតដល់ 28.6ពាន់លានដុល្លារ ដែលមានការកើនឡើង 3% ប្រើប្រៀបធៀបជាមួយនឹងចំណូលក្នុងត្រីមាសទី1 កាលពីឆ្នាំមុន។ លើសពីនទៅទៀតក៏មានប្រើប្រាស់ Facebook App ជាប្រចាំគឺរហូតទៅដល់ 2ពាន់លានផងដែរ។
យ៉ាងណាមិញលោក Mark Zuckerberg ក៏បានធ្វើការបង្ហាញបន្ថែមពីគោលដៅថ្មីរបស់ Meta ផងដែរថា នឹងបញ្ចេញមុខងារ AI បន្ថែមទៀតដើម្បីធ្វើឲ្យផ្លេតហ្វមកាន់តែមានអ្នកប្រើប្រាស់ច្រើនជាងមុន ជាក់ស្តែងតាំងពីពេលដែលលោកបានបញ្ចេញមុខងារ Short នៅលើ Instagram ដែលមានបច្ចេកវិទ្យា AI ជួយរុញពីក្រោយឃើញថាមានអ្នកចំណាយពេលនៅលើ Instagram ច្រើនជាងមុនដល់ទៅ 24% ឯណោះ។
លើសពីនេះទៅទៀត សម្រាប់បច្ចេកវិទ្យា AI ដែលលោកគ្រោងនឹងបញ្ចេញគឺជាប្រភេទ “Visual Creation Tool” សម្រាប់ប្រើប្រាស់ជាមួយ Instagram និង “AI Agents” ប្រើសម្រាប់ការធ្វើអាជីវកម្មផ្សេង។ មិនតែប៉ុណ្ណោះលោកក៏មានបំណងប្រើប្រាស់ជាមួយនឹង AI ជំនាន់ថ្មីដែលជាបច្ចេកវិទ្យាកំពុងតែដើរលឿនខ្លាំង ដើម្បីឲ្យវាមកជួយបង្កើតមាតិការ និងជួយធ្វើការងារផ្សេងៗទៀតបាន។
អត្ថបទដោយ៖ រិន មករា