Meta គ្រោងនឹងយកចំណែកភាគលាភក្នុងការជួញដូរទ្រព្យឌីជីថលរហូតដល់ទៅ ៤៧.៥% នៃតម្លៃលក់ដែលកើតឡើងនៅលើផ្លេតហ្វមMetaverse ឈ្មោះថា Horizon Worlds របស់ខ្លួន នេះបើតាមការចុះផ្សាយជាផ្លូវការដោយក្រុមហ៊ុននេះផ្ទាល់។
ការទាមទារភាគលាភនេះបីដូចជាការយកពន្ធដូច្នោះដែរ ដោយគិតទៅលើអចលនវត្ថុសិប្បនិម្មិតឬឌីជីថលទាំងអស់ដែលនៅក្នុងផ្លេតហ្វមរបស់ Meta ដែលក្នុងនោះរួមមានទាំង NFTs ផង។
សារព័ត៌មាន CNBC បានធ្វើការចុះផ្សាយថា Meta យករហូតដល់ ៤៧.៥%នេះជាចំណែកភាគលាភសរុប ដែលក្នុងនោះត្រូវបែកចែកដល់២ស្ថាប័នសុទ្ធតែគ្នីគ្នារបស់ Meta ដដែល ដោយចែកឱ្យ Meta Quest Store ចំនួន ៣០% ហើយនឹងផ្លេតហ្វម Horizon World ចំនួន ១៧.៥%។
ដំណឹងនេះចេញមកបង្ករជាការខឹងសប្បារកយ៉ាងខ្លាំងពីសំណាក់សហគមន៍អ្នកធ្វើ NFT ដោយលើកឡើងថាការដែល Meta កាត់យកសឹងតែពាក់កណ្ដាលនេះ ពួកគេត្រូវបង់ពន្ធឱ្យរដ្ឋថែមទៀត។
សហគមន៍អ្នកធ្វើ NFT នៅធ្វើការប្រៀបធៀបផ្លេតហ្វមផ្សេងទៀតដូចជា OpenSea ជាដើមដែលគេយកតែ ២.៥%ប៉ុណ្ណោះក្នុងការជួញដូរម្ដងៗ ហើយផ្លេតហ្វម LooksRare ឯណោះយកតែ ២%ទេ។
ត្រង់កន្លែងនេះ Meta ក៏ហាក់ជាន់កែងជាមួយនឹងសម្ដី CEO ខ្លួនលោក Mark Zuckerberg ដែរ ដោយកន្លងទៅគាត់ធ្លាប់ត្មិះ Apple រឿងយកថ្លៃផ្លេតហ្វមខ្ពស់ ដោយលោកនិយាយថា៖ «យើងធ្វើ Metaverse នេះ យើងផ្ដោតលើការបើកឱកាសសម្រាប់ឱ្យអ្នកបង្កើតមាតិការរកលុយពីការងាររបស់ពួកគាត់។» ហើយលោកបន្តថា៖ «ការដែល Apple យករហូតដល់ ៣០%លើការជួញដូរទាំងអស់លើផ្លេតហ្វមរបស់ខ្លួន គឺពិបាកនឹងឱ្យរឿងនោះកើតឡើងណាស់...»។