ជំនាញ Graphic Design៖ ការបង្កើតសិល្បៈតាមបែបឌីជីថលសម្រាប់ទីផ្សារបច្ចុប្បន្ន
នៅក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ ជំនាញ Graphic Design កំពុងក្លាយជាផ្នែកមួយដ៏សំខាន់ និងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ ជាពិសេសនៅកម្ពុជាដែលអាជីវកម្មនានាកំពុងពង្រីកវត្តមានអនឡាញរបស់ខ្លួន។ Graphic Design មិនមែនត្រឹមតែការរចនាដើម្បីភាពស្រស់ស្អាតនោះទេ តែជាការប្រើប្រាស់សិល្បៈ និងបច្ចេកវិទ្យាដើម្បីទំនាក់ទំនងសារ បង្កើតអត្តសញ្ញាណម៉ាកយីហោ និងទាក់ទាញអតិថិជនផងដែរ។
Graphic Design គឺជាដំណើរការនៃការបង្កើត រូបភាព ចំណុចអក្សរ និងប្លង់ ដើម្បីទំនាក់ទំនងគំនិត ឬសារជាក់លាក់មួយទៅកាន់ទស្សនិកជន។ អ្នករចនាក្រាហ្វិក (Graphic Designer) ប្រើប្រាស់កម្មវិធីកុំព្យូទ័រ និងគំនិតច្នៃប្រឌិត ដើម្បីបង្កើត៖
- ឡូហ្គោ (Logo) និងអត្តសញ្ញាណម៉ាកយីហោ (Branding)
- សម្ភារៈផ្សព្វផ្សាយ ដូចជា ខិត្តប័ណ្ណ (Flyer), ប័ណ្ណផ្សព្វផ្សាយ (Poster), ផ្ទាំងប៉ាណូ (Billboard)
- រូបភាពសម្រាប់បណ្ដាញសង្គម (Social Media Graphics)
- គេហទំព័រ (Website Layout) និងកម្មវិធីទូរស័ព្ទ (App User Interface - UI)
- គម្របសៀវភៅ ទស្សនាវដ្តី និងកាសែត
- ការវេចខ្ចប់ផលិតផល (Product Packaging) និងអាចមានផ្សេងៗទៀត។
ដើម្បីក្លាយជាអ្នករចនាក្រាហ្វិកល្អ អ្នកចាំបាច់ត្រូវស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ៗមួយចំនួន៖
- Adobe Photoshop: សម្រាប់កែច្នៃរូបភាព ផ្សំរូបភាព និងបង្កើត Artwork ។
- Adobe Illustrator: សម្រាប់បង្កើតឡូហ្គោ ក្រាហ្វិកវ៉ិចទ័រ (Vector Graphics) និងរូបភាពដែលមានទំហំអាចពង្រីកបានដោយមិនបែក។
- Adobe InDesign: សម្រាប់រៀបចំប្លង់សៀវភៅ ទស្សនាវដ្តី ខិត្តប័ណ្ណដែលមានទំព័រច្រើន។
- Canva: ជាឧបករណ៍ងាយស្រួលប្រើសម្រាប់អ្នកចាប់ផ្ដើមដំបូង ដែលមាន Templates ជាច្រើនសម្រាប់រចនារូបភាពបណ្ដាញសង្គម និងសម្ភារៈផ្សព្វផ្សាយផ្សេងៗ។
- Figma/Adobe XD: សម្រាប់រចនា UI/UX (User Interface/User Experience) នៃគេហទំព័រ និងកម្មវិធីទូរស័ព្ទ។
សម្រាប់តម្លៃក្នុងមួយរូបភាព ឬមួយ Artwork គឺអាចបានចន្លោះពី 50$-200$ ឬលើសនេះ អាស្រ័យលើទំហំការងារ។
គូសបញ្ជាក់ថា ជំនាញ Graphic Design មិនមែនត្រឹមតែជាជំនាញបច្ចេកទេសប៉ុណ្ណោះទេ តែជាជំនាញដែលទាមទារនូវការច្នៃប្រឌិត ការគិតបែបសិល្បៈ និងការយល់ដឹងពីទីផ្សារដើម្បីចំណូលពីនោះផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា