មុននេះបន្តិចមានភ្លើងដ៏ធំមួយបានផ្ទុះឡើងនៅជាយក្រុងម៉ាឡេស៊ីខាងក្រៅទីក្រុងកូឡាឡាំពួរដោយសារបំពង់ឧស្ម័នបានផ្ទុះ ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីផ្ទះដែលនៅក្បែរនោះ។
យោងតាមប្រភពព័ត៌មាន The Guardian បានប្រាប់ឲ្យដឹងថា អគ្គិភ័យដ៏សន្ធោសន្ធៅនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយក្នុងតំបន់ពូត្រាហៃត៍ក្នុងរដ្ឋសេឡាង័រកណ្តាលកាលពីថ្ងៃអង្គារភ្លើងបានឆាបឆេះនៅបំពង់ឧស្ម័នមួយនៅម៉ោង៨:១០នាទីព្រឹក ដែលអាចមើលឃើញពីចម្ងាយរាប់គីឡូម៉ែត្រយ៉ាងសន្ធោសន្ធៅ។ ស្ថានីយប្រេងឥន្ធនៈចំនួនបីដែលនៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់ទេ ប៉ុន្តែត្រូវបានបិទជាបណ្តោះអាសន្នជាវិធានការប្រុងប្រយ័ត្ន ក្រុមហ៊ុនប៉េត្រូណាសបានបន្ថែមថាការស៊ើបអង្កេតកំពុងដំណើរការ។
អង្គភាពគ្រប់គ្រងគ្រោះមហន្តរាយសេឡាង័របានចេញសេចក្តីថ្លែងការណ៍ថា អណ្តាតភ្លើងបានរាលដាលដល់ផ្ទះជាច្រើននៅក្នុងភូមិដែលនៅក្បែរនោះ ហើយកំពុងមានការខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះអ្នកស្រុកដែលជាប់នៅខាងក្នុង។ ពួកគេបានបន្ថែមថា មនុស្សជាច្រើនបានរងរបួសដោយសារការរលាក ហើយនឹងត្រូវបញ្ជូនទៅព្យាបាល ប៉ុន្តែទំហំនៃការខូចខាតពេញលេញកំពុងត្រូវបានវាយតម្លៃ។ កាសែត The Star English បាននិយាយថា ក្រុមពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន ៧នាក់។
ក្រុមអ្នកពន្លត់អគ្គីភ័យរាប់សិបនាក់មកពី Selangor ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ នាយករដ្ឋមន្ត្រី Selangor លោក Amirudin Shari បានមានប្រសាសន៍ថា នាយកដ្ឋានពន្លត់អគ្គីភ័យបានជម្លៀសប្រជាពលរដ្ឋយ៉ាងឆាប់រហ័សពីផ្ទះក្បែរនោះជាវិធានការសុវត្ថិភាព។ លោកបានមានប្រសាសន៍ថា ពួកគេនឹងត្រូវបានដាក់នៅវិហារអ៊ីស្លាមក្បែរនោះជាបណ្តោះអាសន្នរហូតដល់ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង។
សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា