កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lexus បានបង្ហាញនូវរថយន្តជំនាន់ចុងក្រោយរបស់ខ្លួន ដែលត្រូវបានឌីហ្សាញយ៉ាងពិសេស ពីអ្នកច្នៃម៉ូដដ៏ល្បីមួយរូបឈ្មោះថា Harris Reed ។ គំនិតនៃការរចនារូបរាងប្លែកភ្នែកមួយនេះ គឺលេចចេញពីយ៉ាន់កង់ដ៏ក្រហមឆ្អៅ មានពន្លឺភ្លេតៗ ចែងចាំង ហើយ Concept ឌីហ្សាញបែបនេះហៅថា Ruby Red Rims ដែលត្រូវបានយកគម្រូតាមស្បែកជើង Ruby red របស់ Dorothy ដោយបានសម្តែងក្នុងសាច់រឿង The Wizard of OZ នេះបើយោងតាម Carscoops ។
តាមប្រភពដដែលបានឲ្យដឹងថា Lexus RX ស៊េរីឆ្នាំ២០២៣ ដែលជារថយន្តជំនាន់ថ្មីដែលមានរូបរាងលក្ខណ:ខុសប្លែកពីម៉ូដែលឆ្នាំមុន ហើយអ្វីកាន់តែពិសេសថែមទៀតការឌីហ្សាញផ្នែកខាងមុខពណ៌ក្រហម និងផ្នែកខាងក្រោយជាពណ៌ខ្មៅ រួមទាំងយ៉ាន់កង់បញ្ចេញពន្លឺចែងចាំង ចេញពីអំពូល LEDs បន្ថែមនូវអក្សរ Ruby Red Rims នៅជាប់នឹងទ្វាររថយន្តខាងមុខ ។
យ៉ាងវិញទៀត Lexus RX “Ruby Red Rims” ត្រូវបានគេបង្ហាញជាលើកដំបូងនៅក្នុងក្នុងកម្មវិធីគំរបខួប ៥០ឆ្នាំរបស់ទស្សនាវដ្តី W ក្នុងទីក្រុងញ៉ូយ៉ក និងគ្រោងយកទៅដាក់តាំងបង្ហាញនៅជុំវិញសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ។ ដោយឡែកសម្រាប់តម្លៃរថយន្តមួយនេះ គឹទាន់បានបញ្ចេញជាផ្លូវការនៅឡើយទេ៕
អត្ថបទដោយ៖ ព្រឹម ភក្តី