ដូចដែលអ្នកបានដឹងរួចមកហើយថា កាលពីថ្ងៃទី២ ដើមខែមេសាកន្លងទៅ ក្រុមការងារចាបខៀវ Technology Cambodia បានធ្វើការចេញវីដេអូមួយទាក់ទងជាមួយនឹងរ៉ូបូតដែលអាចនិយាយភាសាខ្មែរបានដំបូងបំផុតនៅកម្ពុជា ក៏ដូចជាការបំពាក់នូវបច្ចេកវិទ្យាដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់ៗតែម្តង។
ជាមួយគ្នានេះផងដែរ ចាបខៀវ Technology Cambodia នឹងលើកយកបច្ចេកវិទ្យាសំខាន់ៗដែលគេបានបំពាក់វាចូលទៅក្នុង រ៉ូបូត នោះថាតើវាបានឆ្លងកាត់ដំណាក់កាលអ្វីខ្លះ? ដំណើរការយ៉ាងដូចម្តេច?
យោងទៅតាមបទសម្ភាសន៍ជាមួយនឹងលោក ប្រាជ្ញ ច័ន្ទឧត្តម មានតួនាទីជាអ្នកស្រាវជ្រាវក៏ដូចជាអ្នកសម្រួលផ្នែក AI បានប្រាប់មកកាន់ក្រុមការងារ ចាបខៀវថា រ៉ូបូតដែលអាចនិយាយភាសាខ្មែរបាននោះគឺគេបានដាក់ឈ្មោះវាថា “សុខ” ដែលវាមានតួនាទីក្នុងការធ្វើបដិសណ្ឋារកិច្ច ដោយគេបានបង្កើតជាបង្កើតជា Software ដើម្បីបញ្ចូលទៅក្នុងខ្លួនរបស់វាតែម្តង ហើយសម្រាប់ Software ក៏ដូចជាបច្ចេកវិទ្យាទាំងនោះគឺមាន៣ធំៗ៖
Khmer Automatic Speech Recognition (Khmer ASR)
Khmer Chatbot
Khmer Text to Speech
បច្ចេកវិទ្យាទាំង៣នេះគឺត្រូវបានគេបញ្ចូលទៅក្នុងខ្លួនរបស់រ៉បូត សុខ ផ្ទាល់តែម្តង ដោយដំណាក់ដំបូងវានឹងស្តាប់សំឡេងរបស់យើងបន្ទាប់មកវានឹងធ្វើការបំប្លែងសំឡេងទាំងនោះទៅជាអក្សរខ្មែរតាមរយៈប្រព័ន្ធ Khmer Automatic Recognition ឬហៅថា Khmer ASR ។
បន្ទាប់ពីវាបានបំប្លែងសំឡេងទៅជាអក្សរខ្មែរហើយ ដំណាក់កាលទី២វានឹងធ្វើការបញ្ជូនអក្សរទាំងនោះទៅកាន់ Khmer Chatbot ដើម្បីឲ្យវាឆ្លើយសំណួរនូវអ្វីដែលយើងបានសួរវា។ ដំណាក់កាលចុងក្រោយគឺរ៉ូបូតនេះនឹងធ្វើការបញ្ជូនអក្សរដែលបានបង្កើតចេញពី Khmer Chatbot ទៅកាន់ប្រព័ន្ធ Khmer Text to Speech ដើម្បីឲ្យបំប្លែងពីអក្សរទៅជាសំឡេងជាភាសាខ្មែរវិញដើម្បីឲ្យយើងងាយស្រួលស្តាប់។
អត្ថបទដោយ៖ រិន មករា
