កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣ ម្សិលមិញនេះ ក្រុមហ៊ុន OPPO ទើបនឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយរបស់ខ្លួន OPPO Find N3 Series នៅឯប្រទេសសិង្ហបុរី។
ក្នុងឱកាសនោះផងដែរ ថ្លែងប្រាប់អ្នកសារព័ត៌មានមកពីក្រុងសៀងហៃប្រទេសិន Yicai លោក Pete Liu នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុន OPPO បានថ្លែងថា ប្រសិនបើ Apple ចាប់ផ្ដើមផលិតទូរស័ព្ទបត់អេក្រង់ដែរនោះ វានឹងក្លាយជាដំណឹងល្អសម្រាប់ទីផ្សារទូរស័ព្ទបត់កម្រិតខ្ពស់។ លោក Pete បានបន្ថែមទៀតថា ក្រុមហ៊ុនផលិតដទៃទៀត គួរតែចូលមកកាន់វិស័យស្មាតហ្វូនបត់អេក្រង់នេះដែរ ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្តបន្ថែមទៀត។
គូសបញ្ជាក់ផងដែរថា កន្លងទៅ Apple មិនដែលបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើស្មាតហ្វូនបត់អេក្រង់នោះទេ ប៉ុន្តែបើតាមព័ត៌មានបែកធ្លាយមួយចំនួនគេឃើញថា Apple បានដាក់ស្នើរប៉ាតង់រួចហើយ គ្រាន់តែមិនមានដំណឹងនៃការអភិវឌ្ឍប៉ុណ្ណោះ។