ផ្អែកលើព័ត៌មានលេចធ្លាយចុងក្រោយបង្អស់សម្រាប់ជំនាន់ថ្មីដែលនឹងចេញក្នុងពេលខាងមុខនេះ បានឱ្យដឹងថា Apple គ្រោងនឹងប្រកាសចេញទូរស័ព្ទលំដាប់កំពូលគឺ iPhone 18 Pro និង 18 Pro Max នៅក្នុងរយៈពេល ៣ ខែខាងមុខនេះ (អំឡុងខែកញ្ញា ឆ្នាំ ២០២៦) ខណៈដែលលេចធ្លាយជាមួយមុខងារលេចធ្លោទាំង ៣ នោះរួមមាន៖
១. កាមេរ៉ាដែលអាចផ្លាស់ប្តូរកម្រិតពន្លឺបាន (Variable Aperture Camera)
នេះជាការផ្លាស់ប្តូរផ្នែករឹង Hardware កាមេរ៉ាដ៏ធំបំផុតមួយ។ ជាលើកដំបូងហើយដែលទូរស័ព្ទ iPhone នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែសម្រួលកម្រិតពន្លឺ Aperture នៅលើឡេនកាមេរ៉ាមេបានដោយផ្ទាល់។ មុខងារនេះជួយឱ្យអ្នកអាចគ្រប់គ្រងកម្រិតពន្លឺដែលចូលទៅកាន់សេនស័រ និងកម្រិតភាពព្រាលនៃផ្ទៃខាងក្រោយ Depth of Field ដូចទៅនឹងកាមេរ៉ាអាជីពធំៗ DSLR ធ្វើឱ្យការថតរូប Portrait និងការថតរូបនៅទីងងឹតកាន់តែមានប្រសិទ្ធភាពខ្ពស់។

២. មុខងារ Dynamic Island រួមតូចជាងមុន (Smaller Dynamic Island)
ផ្ទៃឆ្នូតខ្មៅខាងលើអេក្រង់ Dynamic Island ត្រូវបានគេរាយការណ៍ថានឹងរួមតូចជាងមុនរហូតដល់ទៅចន្លោះពី ៣៥% ទៅ ៥០% បើធៀបនឹងម៉ូដែលមុនៗ។ Apple អាចធ្វើបែបនេះទៅបាន ដោយសារតែការផ្លាស់ប្តូរសមាសធាតុស្កេនមុខ Face ID មួយចំនួនឱ្យទៅបង្កប់នៅក្រោមអេក្រង់វិញ ដែលធ្វើឱ្យអេក្រង់ខាងមុខមើលទៅកាន់តែធំទូលាយ និងទាក់ទាញជាងមុន។

៣. បន្ទះឈីបលំដាប់ ២ ណាណូម៉ែត្រ A20 Pro (2nm A20 Pro Chip)
iPhone 18 Pro នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី A20 Pro ដែលផលិតឡើងតាមបច្ចេកវិទ្យា ២ ណាណូម៉ែត្រលើកដំបូងបង្អស់។ បន្ទះឈីបនេះមិនត្រឹមតែជួយបង្កើនល្បឿនដំណើរការ និងគាំទ្រដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត Siri AI ថ្មី ឱ្យកាន់តែឆ្លាតវៃនោះទេ ប៉ុន្តែវាក៏ជួយសន្សំសំចៃថាមពលខ្ពស់ ដែលធ្វើឱ្យអាយុកាលថ្មអាចប្រើប្រាស់បានយូរជាងមុនឆ្ងាយ។

៤. ពណ៌ពិសេស
សម្រាប់ម៉ូដែល iPhone 18 Pro ត្រូវបានគេរពឹងថានឹងមានពណ៌ Dark Cherry (ក្រហមចាស់) រួមផ្សំជាមួយនឹងពណ៌ Light Blue (ខៀវខ្ចី), Dark Gray (ប្រផេះចាស់) និងពណ៌ Silver (ប្រាក់)។

ទាក់ទងនឹងតម្លៃបែកធ្លាយរបស់ iPhone 18 Pro គឺត្រូវបានគេប៉ាន់ស្មាន (នៅលើទីផ្សារអន្តរជាតិ)៖
- សម្រាប់ម៉ូដែលទាបជាងគេគឺ iPhone 18 Pro ទំហំ 128GB ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ផ្តើមពី $999 ដល់ $1,099 ចំណែកឯបងធំ iPhone 18 Pro Max ទំហំ 256GB អាចនឹងមានតម្លៃចាប់ផ្តើមពី $1,199 ឡើងទៅ។
- បើតាមរបាយការណ៍ចុងក្រោយពីក្រុមអ្នកវិភាគ J.P. Morgan បានឱ្យដឹងថា ទោះបីជាថ្លៃដើមផលិតឈីប 2nm និងគ្រឿងបន្លាស់ RAM ឡើងថ្លៃក៏ដោយ ក៏ Apple អាចនឹងដំឡើងថ្លៃខ្ទង់ $50 ដល់ $100 ប៉ុណ្ណោះលើម៉ូដែលនីមួយៗ ព្រោះពួកគេបានកាត់បន្ថយចំណាយលើផ្នែកផ្សេងទៀត (ដូចជាការងាកមកប្រើឈីប Modem C2 ផ្ទាល់ខ្លួនជាដើម)។
- ចំពោះម៉ូដែលដែលមានទំហំផ្ទុកធំដូចជា 512GB និង 1TB តម្លៃអាចនឹងហក់ឡើងចន្លោះពី $1,299 រហូតដល់ $1,599 ទៅតាមទំហំជាក់ស្តែង។
គូសបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង គឺដោយសារតែ iPhone 18 Pro មានការអាប់ដេតធំៗចំចំណុចដែលពួកគេចង់បានបំផុតទី១ គឺការបង្រួមទំហំ Dynamic Island ឱ្យតូចជាងមុនរហូតដល់ ៣៥% ជួយឱ្យអេក្រង់លាតធំពេញភ្នែក, ទី២ គឺការបំពាក់លែនកាមេរ៉ា Variable Aperture ដែលអាចសារ៉េរន្ធពន្លឺពិតៗ ធ្វើឱ្យការថតរូបព្រាល Background បែបធម្មជាតិស្អាតដូចកាមេរ៉ាធំ DSLR និងទី៣ គឺឈីប A20 Pro ថ្មី ដែលដើរលឿនខ្លាំង មិនឡើងកម្តៅ និងសន្សំសំចៃថ្មបានដល់ ៣០%។ អ្វីដែលកាន់តែពិសេសនោះ គឺព័ត៌មានលេចធ្លាយបង្ហាញថា Apple អាចនឹងរក្សាតម្លៃចាប់ផ្តើមដដែល (ត្រឹម $999) ឬឡើងថ្លៃតិចតួចបំផុតលើម៉ូដែលខ្លះ ព្រោះពួកគេអាចកាត់បន្ថយចំណាយបានច្រើនដោយសារការងាកមកប្រើប្រាស់ឈីប Modem 5G (C2) ផ្ទាល់ខ្លួនវិញ ដែលការទទួលបានមុខងារកំពូលៗក្នុងតម្លៃសមរម្យបែបនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំងបំផុត។
