តាមសេចក្តីរាយការណ៍ពីប្រភពល្បីៗដូចជា MacRumors និង Bloomberg បានឱ្យដឹងថា Apple គ្រោងនឹងដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 27 នៅក្នុងព្រឹត្តិការណ៍ WWDC នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ បន្ទាប់ពីការប្រកាស កំណែសាកល្បងសម្រាប់អ្នកអភិវឌ្ឍន៍នឹងត្រូវបញ្ចេញភ្លាមៗ រួចបន្តដោយកំណែសាកល្បងសម្រាប់សាធារណជននៅក្នុងខែកក្កដា ហើយចុងក្រោយ កម្មវិធីថ្មីនេះនឹងត្រូវដាក់ឱ្យអ្នកប្រើប្រាស់ iPhone ទាំងអស់ទាញយកទៅប្រើប្រាស់ជាផ្លូវការនៅក្នុងខែកញ្ញា។

iOS 27 ត្រូវបានគេរំពឹងថានឹងនាំមកនូវការផ្លាស់ប្តូររូបរាងថ្មី និងមុខងារបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីបង្កើនបទពិសោធន៍ប្រើប្រាស់ឱ្យកាន់តែប្រសើរ និងមានភាពវៃឆ្លាតជាងមុន។
១./ Apple មានគម្រោងកែប្រែ Siri ឱ្យទៅជាកម្មវិធីដាច់ដោយឡែកថ្មីសន្លាងមួយនៅលើប្រព័ន្ធប្រតិបត្តិការ iOS 27, iPadOS 27 និង macOS 27 ដែលមានសមត្ថភាពខ្ពស់ស្រដៀងទៅនឹង Chatbot ល្បីៗដូចជា ChatGPT ឬ Gemini ជាដើម។ នៅក្នុងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចធ្វើការទំនាក់ទំនងជាមួយ Siri បានទាំងការសរសេរអត្ថបទ និងការប្រើសំឡេង ព្រមទាំងអាចចូលមើលប្រវត្តិនៃការសន្ទនាដែលបានឆ្លងកាត់ពីមុនៗមកវិញបានយ៉ាងងាយស្រួល។

២./ iOS 27 នឹងគាំទ្រការតភ្ជាប់ អ៊ីនធឺណិតល្បឿន 5G តាមរយៈផ្កាយរណប បើទោះបីជាមុខងារនេះអាចនឹងត្រូវបានកំណត់ឱ្យប្រើប្រាស់តែលើម៉ូដែល iPhone 18 Pro, iPhone 18 Pro Max និង iPhone Ultra ដែលនឹងចេញនាពេលខាងមុខ តាមរយៈការប្រើប្រាស់បន្ទះឈីបម៉ូដឹមជំនាន់ថ្មី C2 របស់ Apple ក៏ដោយ។

៣./ មុខងារកាត់តរូបថតថ្មីដែលអនុញ្ញាតឱ្យអ្នកលុបវត្ថុដែលមិនចង់បាន ឬផ្លាស់ប្តូរផ្ទៃខាងក្រោយបានយ៉ាងរហ័ស និងការបន្ថែមបែបផែន (Effects) លើវីដេអូដោយប្រើ AI ដែលមានភាពរលូន និងមានលក្ខណៈអាជីព។

៤./ Siri ជំនាន់ AI កម្រិតខ្ពស់ (Supercharged Siri)៖ Siri នឹងត្រូវបានកែលម្អដោយប្រើបច្ចេកវិទ្យា Generative AI កាន់តែស៊ីជម្រៅ ដែលអនុញ្ញាតឱ្យវាអាចយល់ពីបរិបទស្មុគស្មាញ ចងចាំការសន្ទនាពីមុនបានល្អជាងមុន និងអាចបញ្ជាកម្មវិធីក្នុងម៉ាស៊ីនបានកាន់តែលម្អិត។

គូសបញ្ជាក់ផងដែរថា iOS 27 នឹងផ្ដោតខ្លាំងលើការកែសម្រួលផ្ទៃកម្មវិធី (Customization) និងការធ្វើឱ្យប្រព័ន្ធដើរលឿនជាងមុន ប្រសិនបើអ្នកប្រើ iPhone 12 ឡើងទៅ អ្នកនៅតែអាចដំឡើង iOS 27 បាន (តែអាចនឹងដើរយឺតបន្តិចសម្រាប់ម៉ូដែលចាស់)។ សម្រាប់មុខងារពិសេស (AI/Siri ថ្មី) ភាគច្រើនត្រូវការ iPhone 16 ឬ 17 ឡើងទៅ ទើបអាចប្រើបានពេញលេញ។
