ខ្លាចអ្នកប្រើលួចកែអាយុ ពេលនេះ Instagram ចេញមុខងារថ្មីស្កេនមុខអ្នកប្រើដឹងថាអាយុប៉ុន្មានទៀត
Makara Rin
JUNE 28 2022
អាជីវកម្ម 4.0
1.2 K views
1 min read

Instagram ដែលជាផ្លេតហ្វមបណ្តាញសង្គមមួយស្ថិតក្រោមដំបូលរបស់ Meta បានធ្វើការបញ្ចេញមុខងារមួយចំនួនទាក់ទងជាមួយនឹងការបញ្ជាក់អត្តសញ្ញាណពិតរបស់អ្នកប្រើប្រាស់ជាពិសេសអ្នកប្រើដែលមិនទាន់គ្រប់អាយុ ក្នុងនោះផងដែរយើងឃើញថាមានមុខងារពិសេសមួយគឺ​អាចស្កេនមុខអ្នកប្រើប្រាស់ដោយអាចប៉ាន់ស្មានដឹងពីអាយុគេទៀត។

ដោយយោងទៅតាមការចុះផ្សាយរបស់ Instagram បានបង្ហាញថា បច្ចុប្បន្នេះ Instagram បានកំពុងធ្វើការតេស្តសាកល្បងលើមុខងារថ្មីដើម្បីបញ្ជាក់ពីអាយុអ្នកប្រើប្រាស់ថានៅក្រោម18ឆ្នាំឬលើស18ឆ្នាំ ដោយមុខងារនោះចែកចេញជា3គឺ បញ្ចូលអត្តសញ្ញាណប័ណ្ណ ថតវីដេអូស្កេនមុខ និង​ស្នើសុំមិត្តភ័ក្តិឱ្យជួយប្រាប់ពីអាយុ។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ដែលចង់ចូលទៅកែប្រែអាយុក្នុង Instagram នោះវានឹងលោតជម្រើសទាំង3នេះចេញមកដើម្បីបំពេញ។

2

សម្រាប់មុខងារថ្មីទាក់ទងជាមួយនឹងការស្កេនមុខអ្នកប្រើប្រាស់នេះគឺ Instagram បានសហការជាមួយនឹងក្រុមហ៊ុន Yoti ដែលប្រើបច្ចេកវិទ្យា AI ដើម្បីផ្ទៀងផ្ទាត់ក៏ដូចជាប៉ាន់ស្មានពីអាយុអ្នកប្រើប្រាស់ថាចាស់ឬក្មេង ដោយមុខងារមួយនេះគឺកំពុងធ្វើការតេស្តសាកល្បងនៅអាមេរិកនៅឡើយ។

យ៉ាងណាមិញ បើទោះបីជាមុខងារនេះអាចស្កេនមុខហើយអាចដឹងពីភិនភាគរបស់យើងក៏ដោយ ប៉ុន្តែ Instagram មិនបានរក្សាវាទុកទេ ហើយចំពោះដំណើរការវានោះគឺ ពេលដែលអ្នក​ផ្ញើវីដេអូដែលបានស្កេនរួចទៅកាន់ Instagram បន្ទាប់មកបច្ចេកវិទ្យារបស់ Yoti នឹងធ្វើការប៉ាន់ស្មានទៅលើអាយុរបស់អ្នកទៅតាមទម្រង់មុខដែលបានបង្ហាញក្នុងវីដេអូ ហើយ Yoti នឹងប្រាប់ពីអាយុអ្នកទៅកាន់ Instagram ចុងក្រោយ Meta និង Yoti នឹងធ្វើការលុបព័ត៌មានរបស់អ្នកចេញតែម្តង។

1

លើសពីនេះទៅទៀត Instagram នៅតែឱ្យអ្នកប្រើប្រាស់បញ្ចូលនូវ ID ដដែលដូចជា អត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណបើកបរជាដើមដើម្បីបញ្ជាក់ពីអាយុហើយ ID ទាំងនោះនឹងត្រូវបានគេរក្សាទុករយៈពេល30ថ្ងៃទើបលុបចេញ។

សរុបមក Instagram បញ្ចេញមុខងារមួយនេះគឺដើម្បី​ចង់បញ្ជាក់ឱ្យកាន់តែច្បាស់ពីអាយុពិតរបស់អ្នកប្រើប្រាស់ថាជាក្មេងឬចាស់ជាពិសេសក្មេងៗដែលកំពុងតែប្រើប្រាស់ដែលមានអាយុក្រោម13ឆ្នាំ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia