បន្ទាប់ពីការប្រជែងគ្នារឿងទំហំកាមេរ៉ាធំ ឥឡូវគេចាប់ផ្តើមប្រជែងគ្នារឿងល្បឿនសាកថ្មនៅលើស្មាតហ្វូនវិញម្តង ហើយកន្លងមកយើងក៏ធ្លាប់បានដឹងហើយថាមានយីហោស្មាតហ្វូនមួយចំនួនដូចជា Xiaomi, Realme, Redmi ជាដើមគឺបានផលិតស្មាតហ្វូនដែលមានល្បឿនសាកថ្មលឿនរួចមកហើយដែរ។ ដោយឡែក ថ្មីៗនេះយីហោ Infinix ក៏បានលេចមុខសារជាថ្មីជាមួយនឹងស្មាតហ្វូនដែលមានល្បឿនសាកថ្មមហាលឿន។
យោងទៅតាមការចុះផ្សាយរបស់ GSMARENA បានឲ្យដឹងថា ស្មាតហ្វូនថ្មីនេះមានឈ្មោះថា Infinix All-Round ដែលមានសមត្ថភាពអាចសាកថ្មីក្នុងល្បឿនលឿនបានរហូតទៅដល់ 260W ឯណោះ លើសពីនេះទៅទៀតសម្រាប់ការសាកល្បឿនលឿនវិញគឺអាចសាកបានរហូតដល់ល្បឿន 110W ថែមទៀតផង។
សម្រាប់ម៉ូដែល Infinix All-Round នេះគឺគេបានរចនាវាឡើងវិញចេញពីម៉ូដែល Infinix Zero Ultra ហើយជាមួយនឹងម៉ូដែលថ្មីនេះគេបានញាត់ថ្មចូលទំហំត្រឹមតែ 4,500mAh តែប៉ុណ្ណោះ ប៉ុន្តែវាអាចសាកថ្មពេញដោយប្រើពេលត្រឹមតែ5នាទីតែប៉ុណ្ណោះ ដោយគេបានប្រើនូវប្រព័ន្ធស្រូបថាមពលដល់ទៅ4។
ប្រភពដដែលក៏បានបន្តថា បើតាមការតេស្តជាក់ស្តែងទៅលើ Infinix All-Round នេះគឺវាអាចប្រើពេលដល់ទៅ 6:27នាទី ពេលដែលយើងសាកវាចាប់ពី 0-100%។ ហើយពេលដែលយើងសាកចាប់ពី 0-25%គឺវាអាចប្រើពេលត្រឹម1នាទី ពេលឡើងដល់ 50%គឺវាចំណាយពេល 2:13នាទី។
សម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ? ប្រសិនបើមាននៅក្នុងស្រុកខ្មែរតើអ្នកហ៊ានទិញយកមកប្រើប្រាស់ដែរទេ?
អត្ថបទដោយ៖ រិន មករា