ច្រើនឆ្នាំកន្លងទៅកន្លងទៅនេះទីផ្សារ Smartphone នៅប្រទេសចិនត្រូវបានគេដឹងថា មានការចម្លងចេញពីម៉ាកផ្សេងៗនៃស្មាតហ្វូនល្បីៗជាច្រើនដែលកំពុងតែលក់ក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរថ្ងៃបញ្ចេញ iPhone 14 កាន់តែកៀកមែនទែនហើយ ខណៈខាងចិនឯណោះវិញគេបានប្រទះឃើញចម្លង iPhone 14 បានស្រេចហើយដាក់លក់លើទីផ្សាទៀត នេះបើយោងតាមការចុះផ្សាយរបស់ Gizchina ។
ប្រភពដដែលក៏បានបន្តថា បើទោះបីជា iPhone ដែលគេបានចម្លងទាំងអស់នោះពេលយើងមើលទៅដូចជាប្រើប្រព័ន្ធប្រតិបត្តិការ iOS ប៉ុន្តែតាមពិតគឺប្រើ Android ទេ ដោយអ្នកដែលផលិតគឺព្យាយាមប្រើ iOS Themes គ្របពីលើដើម្បីបិទបាំង និងអាចឱ្យយើងមើលទៅឃើញដូចពិតៗ។ ប៉ុន្តែបើទោះបីជា iPhone ដែលគេចម្លងនោះមានរូបរាងដូចយ៉ាងណាក៏ដោយក៏មិនអាចប្រៀបជាមួយនឹង iPhone ពិតប្រាកដបានដែរ។
យ៉ាងណាមិញបើតាម YouTube Channel AmazingUnboxing បានធ្វើការបង្ហាញពីរូបរាងរបស់ iPhone 14 ចម្លងនេះឃើញថា វាមិនសូវជាដូចខ្លាំង100%ជាមួយនឹងរូបរាងពិតប៉ុន្មានទេ ជាមួយនឹងគែម bezels រាងធំ ក៏ដូចជាចង្កាខាងក្រោមមានរាងធំខ្លាំងផងដែរ នេះបញ្ជាក់ថាវាមិនអាចចូលខ្លួនមកប្រៀបជាមួយនឹង iPhone 14 បានទេ។
គូសបញ្ជាក់ផងដែរថាទូរស័ព្ទប្រភេទនេះបើទោះជាវាមានរាងស្អាតស្រដៀងគ្នាជាមួយនឹង iPhone 14 ពិតក៏ដោយប៉ុន្តែ សម្រាប់គ្រឿងខាងក្នុងរបស់វាគឺសុទ្ធតេក្លែងក្លាយ ហើយគ្មានគុណភាពច្បាស់លាស់ទេ ហើយទូរស័ព្ទប្រភេទនេះ គឺមិនទទួលបានការអាប់ឌែតថ្មីនោះទេ ថែមទាំងអាចប្រឈមមុខនឹងការវាយប្រហារណាមួយ ឬការលួចយកទិន្នន័យណាមួយថែមទៀតផង។
អត្ថបទដោយ៖ រិន មករា