ជឿថា កាមេរ៉ាភាគច្រើននៅពេលបច្ចុប្បន្ននេះមានភាពឆ្លាតវ៉ៃ និងមានមុខងារជំនួយជាច្រើនជាពិសេសនោះគឺ Auto Mode ដែលអាចជួយសម្រួលបានច្រើនជាមួយនឹងការគ្រប់គ្រងពន្លឺ។
យ៉ាងណាមិញការប្រើប្រាស់តែ Auto Mode នៅមិនទាន់គ្រប់គ្រាន់សម្រាប់ ការថតរូបភាពទៅតាមការចង់បាននៃភាពច្នៃប្រឌិតរបស់អ្នកថតនៅឡើយទេ។ ដូច្នេះអ្នកថតមិនអាចមើលរំលងមុខងារទាំងបីនេះបានទេ នោះគឺ ISO Aperture និង Shutter Speed ឬយើងស្គាល់ថាជា Exposure Triangle។
តើអ្វីទៅគឺជា Exposure Triangle?
ចំពោះ Triangle Exposure សំដៅដល់ការគ្រប់គ្រងពន្លឺដោយមិនអោយ ងងឹតពេក ( Underexposure) ឬក៏មានពន្លឺខ្លាំងពេក (Overexposure) ដោយប្រើប្រើប្រាស់មុខងារទាំង៣ គឺ ISO Aperture និង Shutter Speed ។
Aperture
តើអ្វីទៅគឺជា Aperture ?
អ្នកប្រហែលជាធ្លាប់ឃើញរូបភាព ដែលច្បាស់ខាងមុខ និងមានសភាពព្រៀលផ្នែកខាងក្រោយ ឬមួយទៀតមនុស្សមានសភាពច្បាស់ ប៉ុន្តែផ្ទៃខាងក្រោយមានសភាពព្រៀល និងមានគ្រាប់មូលៗ ឬយើងហៅបានថា Bokeh ផងដែរ។
ដូច្នេះ Aperture គឺជាអ្នកគ្រប់គ្រងភាពព្រាល និងភាពច្បាស់របស់រូបភាពនោះឯង។ យើងជារឿយៗ ប្រាកដជាបានឃើញតម្លៃលេខនៅក្នុងកាមេរ៉ា អាចជា f/1.4 f/2.8 f/11 f/22 ជាដើម។ ដែលតម្លៃទាំងអស់នេះអាចកំណត់ពីភាព ច្បាស់ និងភាពព្រៀលរបស់រូបភាព។
បើកាលណាទំហំរបស់ Aperture កាន់តែធំ ( f/1.4 f/2.8 ) នោះភាពព្រាលរបស់រូបភាព ឬការដាច់ចេញរបស់ Object ជាមួយ Background ក៏កាន់តែខ្លាំង។ ផ្ទុយទៅវិញបើកាលណាតែ Aperture កាន់តែតូច ( f/11 f/22 ) នោះរូបភាពនឹងកាន់តែមានជម្រៅ និងមើលកាន់តែច្បាស់ផងដែរ។ ជាងនេះទៅទៀតសម្រាប់ Aperture ក៏ជាផ្នែកមួយនៃពន្លឺផងដែរ បើកាលណា Aperture កាន់តែធំពន្លឺចូលទៅកាន់រូបភាពក៏កាន់តែច្រើនឡើងផងដែរ។
Shutter Speed
បើនិយាយពី Shutter Speed យើងអាចគិតទៅដល់ល្បឿននៃការចាប់យករូបភាព។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ឃើញរូបភាពព្រៀលៗ ឬយើងហៅថា Motion Blur។
ភាគច្រើនយើងអាចឃើញបាននៅតម្លៃលេខ Slow Shutter Speed អាចមានតម្លៃលេខ 1/2 1/5 1/10 ជាដើម។ រីឯ Fast Shutter Speed វិញអាចកំណត់ការចាប់យករូបភាពដែលមានល្បឿនលឿនៗ ឬ ធ្វើអោយរូបភាពកាន់ តែមានសភពច្បាស់នៅពេល Object ធ្វើចលនា អាចជាការប្រណាំងរថយន្តជាដើម ក្នុងនោះ Shutter Speed អាចមានតម្លៃលេខ 1/500 1/1000 ជាដើម។
មួយវិញទៀតការកំណត់ Shutter Speed ក៏ប៉ះពាល់ដល់ការគ្រប់គ្រងពន្លឺផងដែរ SLow Shutter Speed មានពន្លឺចូលកាន់តែខ្លាំងដល់រូពភាព ផ្ទុយទៅវិញ Fast Shutter Speed ធ្វើអោយរូបភាពដែលថតចេញកាន់តែមានពន្លឺតិចផងដែរ។
ISO
បើនិយាយដល់ ISO យើងប្រាកដជាមិនភ្លេចទេគឺភាព ងងឹត និងភាពមានពន្លឺរបស់រូបភាពដែលបានថតចេញ។
តែក្រៅពីពន្លឺ ISO ក៏ជួយអោយរូបភាពមានសភាពថ្លាផងដែរ។ ISO ទាបធ្វើអោយរូបសភាពថ្លាតែមានពន្លឺចូលបានតិច ISO ខ្ពស់ធ្វើអោយរូពភាពមានពន្លឺ តែបើខ្ពស់ពេក រូពភាពអាចបណ្តាលទៅជាមាន Noise ឬយើងនិយាយបានថា Digital Noise ឬមួយវិញទៀត ISO ខ្ពស់ពេកអាចបណ្តាលអោយរូបភាពមានសភាពឆេះផងដែរ។
អរគុណសម្រាប់ការចំណាយពេលអានអត្ថបទមួយនេះ ហើយខ្ញុំសង្ឃឹមថាវាអាចជាផ្នែកមួយក្នុងការជួយអ្នកទាំងអស់គ្នាស្វែងយល់ពីការថតរូបភាព។
អត្ថបទដោយ៖ ឆាំ ចំណាន

