បើនិយាយទៅដល់បច្ចេកវិទ្យា AI បច្ចុប្បន្ននេះគឺកំពុងតែរីកចម្រើនខ្លាំងរួមជាមួយនឹងសន្ទុះនៃការប្រើប្រាស់ក៏ច្រើនផងដែរទៅតាមផ្នែកផ្សេងៗ ហើយថ្មីៗនេះក៏កំពុងផ្ទុះការប្រើប្រាស់ AI Chatbot មួយគឺChatGPT ដោយវាអាចជួយការងារប្រចាំថ្ងៃយើងបានច្រើន។
ដោយឡែក ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពី AI Tool មួយទៀតដែលវាអាចជួយគូររូបបានទៅតាមតម្រូវការ ឬទៅតាមអ្វីដែលយើងនឹកឃើញដោយគ្រាន់តែបញ្ចូលអក្សរចូលតែប៉ុណ្ណោះ ហើយសម្រាប់ AI Tool មានឈ្មោះថា DALL-E ។
តើអ្វីជា DALL-E?
សម្រាប់ DALL-E គឺជាប្រភេទ Machine Learning ម្យ៉ាងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Open AI ដោយមានសមត្ថភាពអាចបង្កើតរូបផ្សេងៗចេញអក្សរដែលយើងបានបញ្ចូល មិនតែប៉ុណ្ណោះវាអាចច្នៃរូបភាពទាំងអស់នោះទៅជារូបដែលមើលទៅដូចពិតៗតែម្តង ពោលគឺឲ្យតែយើងបញ្ចូលអក្សរ(Prompt) ឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលយើងចង់បាន។
តើយើងអាចចូលទៅប្រើប្រាស់វាបានដោយរបៀបណា?
ហើយខាងក្រោមនេះគឺជារបៀបក្នុងការចូលទៅបង្កើតនិងប្រើប្រាស់ទៅតាមដំណាក់កាល៖
ដំណាក់កាលទី១
- ចូលទៅកាន់វេបសាយមួយឈ្មោះថា OpenAI DALL-E
- បន្ទាប់មកចុចលើពាក្យ Try DALL-E ដូចបង្ហាញក្នុងរូបខាងក្រោម ហើយធ្វើការបង្កើតគណនីទៅតាមការណែនាំ
ហើយសូមបញ្ជាក់ផងដែរថា សម្រាប់ការបង្កើតគណនីនេះ ដំបូងគឺទាមទាឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ VPN ព្រោះថាប្រទេសយើងគេមិនទាន់ដាក់ឲ្យប្រើប្រាស់នៅឡើយទេ តែពេលដែលចុះឈ្មោះហើយយើងមិនចាំបាច់បើក VPN នៅពេលប្រើក៏បានដែរ។
បន្ទាប់ពីចុះឈ្មោះរួចវានឹងនាំអ្នកទាំងអស់គ្នាទៅកាន់ផ្ទាំងមួយដែលបង្ហាញរូបសិល្បៈជាច្រើន រួមជាមួយនឹងកន្លែងសម្រាប់បញ្ចូលអក្សរបានផងដែរ។ ដូច្នេះពេលដែលអ្នកចង់ឲ្យ AI DALL-E វាគូររូបអ្វីមួយយើងគ្រាន់តែបញ្ចូលពាក្យទៅតាមអ្វីដែលយើងចង់បានជាការស្រេច។
ឧទាហរណ៍ៈ Ultra quality, the temple lost in the jungle
ក្រៅពីមុខងារបង្កើតរូបភាពវាក៏មានមុខងារមួយទៀតគឺ Outpainting ដែលវាមានសមត្ថភាពក្នុងការពង្រីក Frame ជុំវិញរូបភាពទៅជាអ្វីមួយដែលយើងចង់កំណត់ ហើយអ្វីដែលកាន់តែពិសេសគឺវាអាចពង្រីករូបទាំងនោះឲ្យស្រដៀងគ្នាជាមួយនឹងរូបចាស់របស់យើងតែម្តង។
មិនតែប៉ុណ្ណោះវាក៏មានមុខងារ Magic Eras មួយទៀតដែលយើងអាចលុបកន្លែងណាមួយហើយ យើងអាចជំនួសកន្លែងដែលបានលុបនោះទៅជាអ្វីក៏បានដែរ អាស្រ័យទៅលើពាក្យដែលយើងបានដាក់។
តើវាអាចគូរបាន១០០%ដែរទេ?
សម្រាប់ការប្រើប្រាស់ AI ដើម្បីឲ្យវាគូររូបឲ្យនេះគឺអាចនិយាយបានថាវាមិនសុក្រិត្យ១០០%នោះទេ មិនតែប៉ុណ្ណោះវាក៏មិនមានភាពច្នៃប្រឌិតខ្លាំងដូចមនុស្សយើងដែរ ប៉ុន្តែយើងអាចប្រើប្រាស់វាដើម្បីជាជំនួយក្នុងការស្វែងរកគំនិតថ្មីៗបាន ជាពិសេសអ្នកដែលស្រលាញ់ការគូររូបតែម្តង។
អត្ថបទដោយ៖ រិន មករា