គោលការណ៍ថ្មីរបស់ YouTube ដែលបានចាប់ផ្តើមអនុវត្តពេញលេញចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ មកម្លេះ គឺពិតជាផ្តោតសំខាន់លើ ភាពដើម និងគុណភាពនៃមាតិកា (Originality and Quality of Content) ដើម្បីលើកកម្ពស់ខ្លឹមសារដែលមានតម្លៃពិតប្រាកដ។ ជាទូទៅប្រសិនបើវីដេអូនោះផុសនៅខ្មែរ ដែលជាវីដេអូគុណភាព សម្រាប់ 1K View គឺអាចទទួលបានពី 0.50$-1$ ឬ2$ (ធ្វើសម្រាប់ខែ្មរមើល) តែប្រសិនបើអ្នកធ្វើសម្រាប់បរទេសមើល ក្នុង 1K view អាចបានចន្លោះពី 5$-10$ ឬ20$។

ការផ្លាស់ប្តូរនេះគឺសំដៅទៅលើការរឹតបន្តឹងការរកប្រាក់ចំណូលពីមាតិកាដែលត្រូវបានចាត់ទុកថាជា "ខ្លឹមសារមិនមានសភាពពិត" (Inauthentic Content) ដែលរួមមាន៖ ខ្លឹមសារដដែលៗ (Repetitive Content), ខ្លឹមសារផលិតទ្រង់ទ្រាយធំ (Mass-produced Content), ខ្លឹមសារដែលមានគុណភាពទាប (Low-effort Videos)។

ហាមដាច់ខាតផុសមាតិការទាំងនេះ៖
- ផលិតទ្រង់ទ្រាយធំ (Mass-produced): វីដេអូដែលបង្កើតឡើងដោយស្វ័យប្រវត្តិ (ឧទាហរណ៍ ប្រើ AI ផលិតច្រើន) ដោយគ្មានការខិតខំ ឬការបន្ថែមតម្លៃពីមនុស្ស។
- ដដែលៗ (Repetitious): វីដេអូដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងៗ ឬយកមាតិកាពីអ្នកដទៃមកប្រើដោយគ្មានការកែប្រែសំខាន់ៗ (ដូចជាការអត្ថាធិប្បាយ ការវិភាគ ឬការកែសម្រួលប្រកបដោយភាពច្នៃប្រឌិតផ្ទាល់ខ្លួន)។
- មាតិកា AI សុទ្ធសាធ: វីដេអូដែលគ្រាន់តែប្រើសំឡេង AI អានអត្ថបទ ឬយក Footage ដែលមានស្រាប់មកបញ្ចូលគ្នាដោយគ្មានការរួមចំណែកផ្ទាល់ពីអ្នកបង្កើត។

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់រកចំណូលពី YouTube ត្រូវប្រាកដថាអ្នកផលិតមាតិកាដែលប្លែក គួរឱ្យចាប់អារម្មណ៍ និងបំពេញតាមគោលការណ៍ណែនាំរបស់ YouTube។
