ពេលណាដែលនិយាយដល់ម៉ូតូអាគុប យើងតែនឹកឃើញរឿងចាស់ៗ អនុស្សាវរីយ៍ចាស់ៗ ជាមួយមិត្តភក្តិ គ្រួសារជាច្រើនរាប់សឹងមិនអស់។ អស់រយ:ពេលជាច្រើនឆ្នាំមកនេះម៉ូតូអាគុប ឬ Honda Super Cub នេះត្រូវបានពួកយើងចាត់ទុកជាម៉ូតូបែបបុរាណ ព្រមទាំងបានបង្កប់ទៅដោយអត្ថន័យនិង អនុស្សាវរីយ៍ជាច្រើន រួមទាំងរឿងល្អៗ និងរឿងជូរចត់ខ្លាំងសឹងតែបំភ្លេចមិនបាន។
យ៉ាងណាមិញ ចាប់តាំងពីក្រុមហ៊ុន Honda ផលិតម៉ូតូអាគុប ឬ Super Cub លើកដំបូងដែលប្រើប្រេងឥន្ធន: ជាចំហេះសាំង នៅឆ្នាំ ១៩៥៨ មកទល់បច្ចុប្បន្ននេះ វាមានអាយុចូល ៦៤ឆ្នាំហើយ ប៉ុន្តែថ្មីៗនេះលេចឮដំណឹងមកថា Honda កំពុងសង្ងំគិតសញ្ចឹងប្រែក្លាយអាគុបដែលធ្លាប់តែចាក់សាំង មកជាសាកភ្លើងវិញម្តង ពោលគឺផលិតជាម៉ូតូប្រើប្រាស់ថាមពលអគ្គិសនីវិញដោយមានភាសាផ្លូវការថា Honda E-Cub ។នេះបើយោងប្រភពពី Electrek.co ។
នៅពេលដែលឮដំណឹងថាម៉ូតូអាគុបប្រើអគ្គិសនី គឺជាសប្បាយចិត្ត ហើយក៏អរគុណណាស់ដែល Honda បានគិតដល់ការកើនឡើងកម្រិតបំពុលបរិដ្ឋានជាធំ ព្រមទាំងបានផលិតម៉ូតូដែលមានតម្លៃដ៏សែនធូថ្លៃ ត្រឹមតែ ៨៨៥ដុល្លារ ក្នុង១គ្រឿង ។
ដោយឡែកសម្រាប់ការកែប្រែរូបរាងទាំងស្រុងរបស់អាគុបនេះ មិនសាកសមអ្នកមានគូរស្នេហ៍ជិះឡើយ ព្រោះថាកែបម៉ូតូអាចដាក់តែម្នាក់ប៉ុណ្ណោះ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ Admin គិតថាអ្នករចនាម៉ូតូនេះ មានបំណងចង់ឲ្យអ្នកមានគូរ ទិញម៉ូតូអាគុបនេះម្តងទាំង ២គ្រឿងមែនហើយ បានជាឌីហ្សាញបែបនេះ។
ដោយឡែក អ្វីដែលពិសេសសម្រាប់អាគុបអគ្គិសនីនេះ គឺគេបានបំពាក់ឈ្នាន់សម្រាប់ធាក់នៅពេលអស់អាគុយតាមផ្លូវបានថែមទៀត។ ប៉ុន្តែរឿងដែលធ្វើឲ្យយើងខកចិត្តនោះ គឺម៉ូតូអាគុបនេះអាចមួលល្បឿនបានតែ 25Km/h ប៉ុណ្ណោះ តែវាសាកសមជាមួយតម្លៃ ៨៨៥ដុល្លារដែរ ណាមួយសូម្បីតែឈ្មោះ Honda Cub e ក៏គ្មានពាក្យ Super ដូចមុនទៀតដែរ។
គួររំលឹកផងដែរថា Honda បានផលិតម៉ូតូ Super Cub តាំងពីឆ្នាំ ១៩៥៨ មកម្លេះ ហើយបើគិតមកបច្ចុប្បន្ននេះម៉ូតូអាគុប លក់បានប្រមាណ ១០០លានគ្រឿងឯណោះ៕
អត្ថបទដោយ៖ ព្រឹម ភក្តី