ចូលរួមសោកស្តាយ! មនុស្សទៅ ស្នាដៃនៅ ខណៈពេលនេះអនុប្រធានប្រតិបត្តិការ Samsung បានទទួលមរណភាពហើយ
Khunna - ឃុនណា
MARCH 25 2025
អេឡិចត្រូនិក
623 views
2 mins read

អនុប្រធាន និងសហនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics លោក Han Jong-Hee បានទទួលមរណភាពដោយសារគាំងបេះដូងនៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង។ ដោយលោក Han ទទួលមរណភាពនៅអាយុ 63 ឆ្នាំ។

Ceo Samsung Electronics 1634 8875.jpeg

លោក Han Jong-Hee កើតក្នុងឆ្នាំ 1962 លោក Han បានត្រួតពិនិត្យអាជីវកម្មគ្រឿងអេឡិចត្រូនិចប្រើប្រាស់ និងឧបករណ៍ចល័តរបស់ក្រុមហ៊ុន Samsung ចាប់តាំងពីឆ្នាំ 2022 មក នេះបើយោងតាមក្រុមហ៊ុន Samsung បានបញ្ជាក់។ លោកត្រូវបានតែងតាំងជាអនុប្រធាន និងសហនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ក្នុងឆ្នាំ 2022។ សហនាយកប្រតិបត្តិរបស់លោកគឺលោក Jun Young-Hyun ជាអ្នកដឹកនាំអាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុន។

នៅក្នុងសារផ្ទៃក្នុងដែល CNN បានឃើញ ក្រុមហ៊ុន Samsung បានគោរពដល់លោក Han ដោយនិយាយថា លោកបានលះបង់ជីវិតជាង 37 ឆ្នាំរបស់លោកក្នុងការដឹកនាំអាជីវកម្មទូរទស្សន៍របស់ក្រុមហ៊ុន Samsung ឱ្យក្លាយជាអ្នកដឹកនាំពិភពលោកដ៏អស្ចារ្យ។ ក្នុងនាមជាប្រធានអាជីវកម្មគ្រឿងអេឡិចត្រូនិច និងគ្រឿងប្រើប្រាស់ លោកក៏បានរួមចំណែកដល់កំណើនរបស់ក្រុមហ៊ុនផងដែរ ក្នុងបរិយាកាសអាជីវកម្មដ៏លំបាក រហូតទទួលបានជោគជ័យ។

Han Jong Hee

ស្នាដៃសំខាន់ៗដែលលោក Han Jong-Hee បានបន្សល់ទុកដូចជា៖ 
•    ភាពលេចធ្លោក្នុងបច្ចេកវិទ្យាទូរទស្សន៍៖ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពរីកចម្រើនរបស់ Samsung ក្នុងបច្ចេកវិទ្យាបង្ហាញរូបភាព រួមទាំង OLED និង QLED ដោយពង្រឹងជំហរ Samsung នៅលើទីផ្សារទូរទស្សន៍លំដាប់ខ្ពស់ក្នុងនាមជាក្រុមហ៊ុនផលិតទូរទស្សន៍ឈានមុខគេលើពិភពលោក ដោយលោករួមចំណែកដល់ការគ្រប់គ្រងរបស់ក្រុមហ៊ុនអស់រយៈពេលជិតពីរទសវត្សរ៍។
•    ភាពជាអ្នកដឹកនាំក្នុងផ្នែក DX៖ ក្នុងនាមលោកជាប្រធានផ្នែក Device eXperience (DX) របស់ Samsung គាត់បានត្រួតពិនិត្យលើគ្រឿងអេឡិចត្រូនិចប្រើប្រាស់ជាច្រើនប្រភេទ រួមទាំងឧបករណ៍ចល័ត ទូរទស្សន៍ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ។ លោកបានដឹកនាំអាជីវកម្មទូរស័ព្ទចល័តរបស់ Samsung ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងខ្លាំង ដោយជំរុញការច្នៃប្រឌិតក្នុងទូរស័ព្ទបត់បាន និងបញ្ញាសិប្បនិម្មិត។

News P.v1.20240417.bd53907280c84653a304c2006bba0fa2 P1

គូសបញ្ជាក់ថាលោក ហាន ជុង ហ៊ី គឺជាតួអង្គសំខាន់មួយរូបដែលស្ថិតក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន Samsung ដោយបានដោយបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏យូរអង្វែងនៅក្នុងវិស័យឧស្សាហកម្មអេឡិចត្រូនិចដែលមានអ្នកប្រើប្រាស់មកទល់សព្វថ្ងៃ និងល្បីពេញទូទាំងពិភពលោក។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia