ថ្មីៗនេះ Google បានធ្វើការបញ្ចេញ Bard AI ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយវាមានសមត្ថភាពក្នុងការឆ្លើយសំណួរដូចជាមួយនឹង ChatGPT ឬក៏ Bing AI ដែរ មិនតែប៉ុណ្ណោះវាថែមទាំងមានមុខងារSpeech Recognition ដែលអាចធ្វើការបំប្លែងពីសំឡេងទៅជាអក្សរថែមទៀតផង។ ដោយឡែកសម្រាប់ការអាប់ឌែតថ្មីនេះ Google បានបន្ថែមមុខងារ Image ដើម្បីឲ្យវាចាប់យករូបភាពផ្សេងៗបានទៀត។
កន្លងមកវាអាចឆ្លើយបានតែចម្លើយជាអក្សរទេ ប៉ុន្តែចំពោះការអាប់ឌែតថ្មីនេះ Bard AI វាអាចស្គាល់ទាំងរូបភាពទៀត មានន័យថាវាអាចបញ្ជូនចម្លើយមកយើង ដោយភ្ជាប់ជាមួយនឹងអក្សរនិងរូបភាពក្នុងករណីយើងចង់ឲ្យវាបង្ហាញរូបភាពពីអ្វីមួយ។ លើសពីនេះទៅទៀតសម្រាប់រូបភាពទាំងអស់នោះគឺវាយកចេញពី Google Search ផ្ទាល់តែម្ត។
មិនតែប៉ុណ្ណោះសម្រាប់រូបភាពដែលវាបញ្ជូនមកកាន់ Bard AI នេះគឺវាធ្វើការភ្ជាប់មកជាមួយនឹងប្រភពដើម្បីឲ្យយើងមើលកាន់តែច្បាស់ថែមទៀត ឧទាហរណ៍ថា អ្នកចង់ឲ្យវា Bard AI ស្វែករក “កន្លែងដើរលេងល្បីៗនៅប្រទេសកម្ពុជា” គឺវានឹងធ្វើការរៀបរាប់ក៏ដូចជាភ្ជាប់មកជាមួយនឹងរូបភាពនិងវេបសាយទាំងអស់នោះឲ្យយើងមើលជាក់ស្តែងតែម្តង។
ដូច្នេះសម្រាប់មុខងារថ្មីនេះគឺវាកាន់តែបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើជាងមុន តាមរយៈការបង្ហាញចម្លើយជារូបភាពនិងអក្សរ ក៏ដូចជាការបង្ហាញពីប្រភពដើមផងដែរ។
អត្ថបទដោយ៖ រិន មករា