ដូចដែលអ្នកបានដឹងហើយថា ChatGPT ដែលជាបច្ចេកវិទ្យា Chatbot មួយរបស់ក្រុមហ៊ុន OpenAI គឺមិនទាន់បានដាក់ឲ្យប្រើប្រាស់នៅក្នុងស្រុកខ្មែរយើងជាផ្លូវការនោះទេពោលគឺទាល់តែប្រើប្រាស់ VPN ជំនួយទើបអាចប្រើបាន ខណៈ Google វិញមិនចិត្តកំណាញ់ទេគឺបើកឲ្យខ្មែរប្រើសេរីតែម្តង។
ថ្មីៗនេះក្រុមហ៊ុនយក្ស Google បានធ្វើការបញ្ចេញនូវមុខងារ AI Chatbot ថ្មីរបស់ខ្លួនគឺ Bard AI ដើម្បីដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ដោយវាមានមុខងារស្រដៀងគ្នាជាមួយនឹង ChatGPT ដែរ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺវាមានដំណើរការលឿនរហ័ស សួរភ្លាមឆ្លើយភ្លាម មានមុខងារ Speech to Text ដែលអាចបំប្លែងពីសំលេងយើងទៅជាអក្សរបានទៀត។
សម្រាប់ Bard AI របស់ Google បច្ចុប្បន្ននេះគឺអាចប្រើប្រាស់បាន 3 ភាសាដូចជា អង់គ្លេស កូរ៉េ និងជប៉ុន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Google គឺបានបើកទូលាយឲ្យមានការប្រើប្រាស់ដល់ទៅជាង 180 ប្រទេសឯណោះ ក្នុងនោះរួមទាំងប្រទេស កម្ពុជា យើងផងដែរ ដែលអាចប្រើប្រាស់បានដោយសេរីតែម្តង។
ដូច្នេះអ្នកដែលចង់សាកល្បងប្រើប្រាស់ Google Bard AI ឥឡូវនេះបានដោយគ្រាន់តែបញ្ចូល Email មួយជាការស្រេច។
អត្ថបទដោយ៖ រិន មករា
