រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ជំរុញឱ្យចិនទប់ស្កាត់អ៊ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានស្នើ និងអំពាវនាវដល់ប្រទេសចិនឱ្យទប់ស្កាត់ប្រទេសអ៊ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ប្រេងឆៅនៅលើពិភពលោក។
លោក Rubio បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង ឱ្យទាក់ទងពួកគេអំពីរឿងនេះ ពីព្រោះពួកគេពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់ប្រេងរបស់ពួកគេ»។ ប្រទេសចិនគឺជាអតិថិជនប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ ហើយរក្សាទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋឥស្លាម។
ការប៉ុនប៉ងបិទច្រកសមុទ្រតូចចង្អៀតរវាងអ៊ីរ៉ង់ និងអូម៉ង់ អាចមានផលវិបាកយ៉ាងជ្រាលជ្រៅសម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពល (Energy Information Administration) បានឱ្យដឹងថា ប្រេងឆៅប្រមាណ ២០ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ២០% នៃការប្រើប្រាស់សកលលោក បានហូរឆ្លងកាត់ច្រកសមុទ្រនេះក្នុងឆ្នាំ ២០២៤។
គូសបញ្ជាក់ផងដែរថា តម្លៃប្រេងអាចនឹងឡើងខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទក្នុងរយៈពេលយូរ នេះបើយោងតាម Goldman Sachs និងក្រុមហ៊ុនប្រឹក្សា Rapidan Energy។
អ្នកវិភាគរបស់ JPMorgan មើលឃើញថាហានិភ័យនៃការបិទច្រក Hormuz របស់អ៊ីរ៉ង់គឺទាប ដោយសារសហរដ្ឋអាមេរិកនឹងចាត់ទុកសកម្មភាពបែបនេះជាការប្រកាសសង្គ្រាម ហើយផលប៉ះពាល់មួយនេះក៏អាចរាលដាលដល់ប្រទេសទូទាំងសាកលលោកពីការឡើងថ្លៃនៃតម្លៃប្រេង និងសាំងផងដែរ។
សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា