មួយរយៈកន្លងមកនេះមានព័ត៌មានបែកធ្លាយជាច្រើនទាក់ទងជាមួយនឹងកំពូលស្មាតហ្វូនថ្មីរបស់ Samsung គឺ Galaxy S25 Ultra ដោយឃើញមានការបង្ហាញជាច្រើនទៅលើរូបរាង Spec និងចំណុចមួយចំនួនទៀត ហើយថ្មីៗនេះក៏មានការចែករំលែកជាមួយនឹងគម្រូររូបរាងថ្មី Galaxy S25 Ultra ដោយមើលទៅវាមានរាងប្លែកជាងមុន។
អ្វីដែលយើងបានដឹងកន្លងមកទាក់ទងជាមួយនឹង S25 Ultra គឺវាអាចនឹងធ្វើការអាប់ឌេតទៅលើទំហំកាមេរ៉ា Telephoto មានរូបរាងស្តើង និងស្រាលជាងមុនជាដើម។ ក្នុងនោះផងដែរបើយោងទៅតាម Ice Universe គឺបានទម្លាយជាមួយនឹងចំណុចអាប់ដេតថ្មីបន្ថែមទៀតដូចជា គែម Bezel របស់វាអាចនឹងស្តើងជាង S24 Ultra ជំនាន់មុន ពោលគឺកាត់បន្ថយទំហំដល់ 0.2mm ដែលទំហំនេះគឺស្តើងជា iPhone 16 Pro Max។
លើសពីនេះទៅទៀតសម្រាប់រូបរាងរបស់ Galaxy S25 Ultra ក៏អាចនឹងមានការផ្លាស់ប្តូរទៅជារាងកោងវិញដែរ ដែលការផ្លាស់ប្តូរនេះគឺអាចធ្វើឲ្យរូបរាងទាំងប្រវែងទទឹង គែម Bezel កាន់តែស្តើងជាងមុន ហើយចំពោះអេក្រង់វាគេរំពឹងថានឹងមានទំហំ 6.86 អិញ មិនតែប៉ុណ្ណោះគេរំពឹងថា Galaxy S25 Ultra អាចនឹងក្លាយជាស្មាតហ្វូនដែលស្តើងនិងស្រាលជាងគេក្នុងទីផ្សារហើយ។
យ៉ាងណាមិញសម្រាប់រូបរាងកាមេរ៉ាវិញក៏អាចនឹងស្តើងជាងមុនផងដែរមិនសូវលៀនចេញមក្រៅខ្លាំងពេកទេ បើធៀបទៅគឺចង់ស្តើងជា iPhone 16 Pro Max ទៀតផងត្រឹមតែ 2.4mm ប៉ុណ្ណោះ រីឯកម្រាស់តួខ្លួនវិញគឺត្រឹមតែ 8.2mm ខណៈ iPhone 16 Pro Max វិញគឺ 8.3mm។
គូសបញ្ជាក់ផងដែរថា Galaxy S25 Ultra នឹងមានវត្តមាននៅឆ្នាំក្រោយហើយ ពោលគឺនៅតែ៥ខែទៀតប៉ុណ្ណោះ ដែលកំពូលស្មាតហ្វូនមួយនេះនឹងភ្ជាប់មកជាមួយឈីប Snapdragon 8 Gen 4 ថែមទៀត។
អត្ថបទដោយ៖ រិន មករា