មិនមែនលំៗទេ មុខងារ Satellite ដែលមាននៅលើ iPhone 14 ចាប់ផ្តើមជួយមនុស្សជាប់គាំងបណ្តើរៗហើយ
Makara Rin
DECEMBER 2 2022
អេឡិចត្រូនិក
443 views
1 min read

មុខងារ Emergency SOS via Satellite ឬហៅថាមុខងារសង្គ្រោះបន្ទាន់ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណបពេលណាដែលអ្នកមានបញ្ហានៅកន្លែងណាមួយដែលគ្មានសេវាចូលដល់ ហើយវាត្រូវបាន Apple បំពាក់នៅលើ iPhone 14 ជាមួយនឹង iPhone 14 Pro Model ហើយថ្មីៗនេះ Apple ក៏ទើបតែបើកឱ្យដំណើរការប្រើប្រាស់ដែរ។ ឥឡូវមុខងារនេះក៏បានជួយសង្គ្រោះបុរសម្នាក់ពីការជាប់គាំងនៅតំបន់ដាច់ស្រយាលផងដែរ។

ដោយយោងទៅតាមការចុះផ្សាយរបស់ MacRumors បានឱ្យដឹងថា កាលពីយប់អាធ្រាត្រថ្ងៃទី1​ ខែធ្នូនេះមានបុរសម្នាក់បានធ្វើដំណើរដោយជិះម៉ាស៊ីនលើព្រិលពីតំបន់ Noorvik ទៅកាន់តំបន់ Kotzebue នៃរដ្ឋអាឡាស្កា បន្ទាប់មកក៏បានជាប់គាំងនៅតំបន់ដែលត្រជាក់ហើយទីនោះពុំមានសេវាចូលទៅដល់ទេ​ ប៉ុន្តែយ៉ាងណាក៏ដោយបុរសម្នាក់នោះបានភ្ជាប់ដំណើរការជាមួយនឹងមុខងារ​ Emergency SOS via Satellite ដែលមាននៅលើ iPhone 14 របស់គាត់។

I Phone 14 Satellite Connectivity

ភ្លាមៗនោះ​ដំណឹងដែលចេញពីមុខងារទាក់ទងតាមផ្កាយរណបរបស់ iPhone 14 គឺបានទៅដល់ភ្នាក់ងារសង្គ្រោះបន្ទាន់របស់​ Apple ហើយខាង Apple ក៏បានធ្វើការទាក់ទងជាមួយនឹងក្រុមជួយសង្រ្គោះដែលមាននៅក្នុងតំបន់ដែលគេជាប់គាំងនោះ។ ដូច្នេះគេក៏បានបញ្ជូនក្រុមស្ម័គ្រចិត្តដើម្បីស្វែងរកក៏ដូចជាជួយសង្គ្រោះបុរសដែលជាប់គាំងដោយជោគជ័យ តាមរយៈទិសដៅដែលបង្ហាញចេញពីមុខងារ ផ្កាយរណបរបស់ iPhone 14។

ទន្ទឹមនឹងនេះ បុរសដែលបានជាប់គាំងនៅតំបន់ត្រជាក់នោះគឺមិនមានគ្រោះអ្វីឡើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺយើងមិនត្រូវឱ្យថ្មទូរស័ព្ទរបស់យើងអស់នោះទេដូច្នេះដើម្បីរក្សាសុវត្ថិភាពគឺបញ្ចូលថ្មឱ្យពេញៗពេលទៅតំបន់ណាដែលដាច់ស្រយាល។

គូសបញ្ជាក់ផងដែរថាសម្រាប់មុខងារមួយនេះគឺមិនទាន់អាចដំណើរការនៅក្នុងស្រុកខ្មែរយើងបានទេ ពោលគឺវាដំណើរការតែនៅបណ្តាប្រទេសធំៗដូចជា អាមេរិក កាណាដា​ និងប្រទេសមួយចំនួនទៀតតែប៉ុណ្ណោះ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia