អាកាសធាតុក្ដៅ លោកអ្នកអាចនឹងត្រូវប្រឈមជាមួយនឹងការបង្ខំចិត្តចតឡានទុកនៅក្រោមកម្ដៅព្រះអាទិត្យចោលច្រើនម៉ោង ដែលជាហេតុធ្វើឱ្យសីតុណ្ហភាពនៅក្នុងឡានកើនកម្ដៅខ្លាំង។ ហើយខាងក្រោមនេះជារបស់ទាំង៥យ៉ាង ដែលលោកអ្នកមិនគួរធ្វេសប្រហែសទុកវាចោលនៅក្នុងឡានឡើយ ព្រោះវាអាចបង្ករគ្រោះថ្នាក់បាន៖
ទី១៖ ដែកកេះ៖ នៅក្នុងដែកកេះមានសារធាតុរាវ ផ្សំជាមួយនឹងហ្គាស ដែលងាយនឹងផ្ទុះ បង្ករឱ្យមានការឆាបឆេះបាន ក្រោយពេលដែលវាស្ថិតនៅក្រោមសីតុណ្ហភាពក្ដៅខ្លាំងឡើងៗ។ ការផ្ទុះឡើងនៃដែកកេះ អាចនាំឱ្យមានហានិភ័យខ្ពស់ ព្រោះនៅក្នុងបន្ទុះរបស់វាក៏អាចបង្ករឱ្យមានការឆាបឆេះផ្សំមកជាមួយដែរ។
ទី២៖ ប្រភេទកំប៉ុង Spray (ថ្នាំសម្លាប់សត្វល្អិត, ក្លិនក្រអូប ជាដើម)៖ នៅក្នុងកំប៉ុង Spray ជាទូទៅក៏មានហ្គាសដែរ ហើយហ្គាសតែងតែមានប្រតិកម្មជាមួយកម្ដៅ ប្រសិនបើលោកអ្នកទុកកំប៉ុង Spray នៅក្នុងឡានដែលមានកម្ដៅក្ដៅខ្លាំង អាចបណ្ដាលឱ្យកំប៉ុងនោះរីកមាឌ បង្ករឱ្យមានការផ្ទុះឡើងបាន។
ទី៣៖ ឧបករណ៍អេឡិចត្រូនិច (ទូរស័ព្ទ, កុំព្យូទ័រ, ដុំសាកថ្ម ឬ Power Bank ជាដើម)៖ កម្ដៅខ្លាំងពេកអាចធ្វើឱ្យខូចថ្មរបស់គ្រឿងអេឡិចត្រូនិចទាំងនោះ។ លើសពីនេះសម្ពាធនៃកម្ដៅក៏អាចបណ្ដាលឱ្យវារីកមាឌធំឡើង ឬឈានទៅដល់ការផ្ទុះ បង្ករការឆាបឆេះថែមទៀតផង។
ទី៤៖ អំពូលភ្លើង៖ អំពូលភ្លើងក៏អាចផ្ទុះឡើងបានដែរ បើសិនជាស្ថិតក្នុងកម្ដៅក្ដៅហួសហេតុពេក។
ទី៥៖ កំប៉ុងភេសជ្ជៈដែលមិនទាន់បានបើក៖ ក្នុងកំប៉ុងភេសជ្ជៈក៏មានផ្ទុកនូវសារធាតុហ្គាស ដែលអាចធ្វើឱ្យវារីកមាឌនៅពេលស្ថិតក្នុងសីតុណ្ហភាពក្ដៅខ្លាំង ហើយក៏អាចផ្ទុះឡើងបានដែរ។
យ៉ាងណាមិញក្រៅពីរបស់ដែលមានលើកឡើងនៅខាងលើ ក៏នៅមានរបស់របរផ្សេងទៀតដែលអាចខូចខាតពេលដែលត្រូវជាមួយនឹងកម្ដៅក្ដៅខ្លាំង។ ហេតុនេះនៅពេលដែលលោកអ្នកត្រូវចតឡាននៅក្រោមកម្ដៅព្រះអាទិត្យរយៈពេលយូរ សូមកុំភ្លេចពិនិត្យមើលឱ្យបានល្អិតល្អន់ ដើម្បីចៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ៕
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)