សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចសន្និបាតមួយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវប្រសាសន៍មួយចំនួនដែលពាក់ព័ន្ធជាមួយនឹងសណ្ឋានផ្ទៃដីរបស់ប្រទេសកម្ពុជា។ ដោយមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន សម្តេចក៏បានបញ្ជេញមតិបកស្រាយនូវចម្ងល់ និងព្រមទាំងបង្ហោះសារមួយជូនទៅកាន់មហាជនផងដែរ។
ខាងក្រោមនេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
ដោយមានការចាប់អារម្មណ៍ក៏ដូចជាចម្ងល់ពាក់ព័ន្ធនឹងការលើករបស់ខ្ញុំដែលថា យោងតាមការវាស់វែងជាបឋមដោយលក្ខណៈបច្ចេកទេសរបស់ជំនាញព្រំដែន បង្ហាញថាផ្ទៃដីរបស់កម្ពុជាមានរហូតដល់ ១៨១.៤៣៦គីឡូម៉ែត្រការ៉េ (លើសពីផ្ទៃក្រឡាដែលយើងប្រើជាផ្លូវការក្នុងពេលបច្ចុប្បន្ន ១៨១.០៣៥គីឡូម៉ែត្រការ៉េ) ដោយមិនទាន់រាប់បញ្ចូលនូវផ្ទៃកោះនៅក្នុងសមុទ្រនៅឡើយ។
ខ្ញុំសូមធ្វើការពន្យល់បន្តិចពាក់ព័ន្ធនឹងតួលេខនេះ ដើម្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានចម្ងល់ បានទទួលជាព័ត៌មាន និងជាមូលដ្ឋានសម្រាប់ធ្វើការពិចារណាតាមការគួរ៖
តើការវាស់វែងជាង ១០០ឆ្នាំ មុនដោយក្រុមបច្ចេកទេសព្រំដែនបារាំងប្រើប្រាស់ឧបករណ៍និងបច្ចេកទេសនាសម័យនោះ បើប្រៀបធៀបជាមួយការវាស់វែងដោយក្រុមបច្ចេកទេសព្រំដែនសម័យបច្ចុប្បន្ន ប្រើប្រាស់ឧបករណ៍និងបច្ចេកវិទ្យាបច្ចុប្បន្ន មួយណាសុក្រិតជាង?
សូមបញ្ជាក់ថា តួលេខ ១៨១.៤៣៦គីឡូម៉ែត្រការ៉េ មិនមែនជាតួលេខផ្លូវការដែលរាជរដ្ឋាភិបាលប្រើប្រាស់ទេ ដោយសារការវាស់វែងព្រំដែនរបស់យើងជាមួយប្រទេសជិតខាងមិនទាន់ចប់។ នេះជាតួលេខដែលក្រុមការងារបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគណនាបឋម ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី។ យើងនៅបន្តប្រើប្រាស់ជាផ្លូវការនូវតួលេខផ្លូវការ ១៨១.០៣៥គីឡូម៉ែត្រការ៉េ ដែលមានជាធរមាន។
គូសបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនទាំងអស់គ្នាចង់ដឹងពីខ្លឹមសារបន្ថែមទៀត សូមចុចតាមរយៈលីងមួយនេះ https://www.facebook.com/share/v ដើម្បីស្តាប់នូវអត្ថន័យពេញតាមរយៈការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
អត្ថបទដោយ៖ ងួន ឃុនណា