ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរដ្ឋាភិបាលឥណ្ឌា ដើម្បីរៀបចំ «វេទិកាស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ អាស៊ាន-ឥណ្ឌា លើកទី២» ចាប់ពីថ្ងៃទី០៨ - ១០ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

វេទិកាឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយបរិយាបន្ន» មានគោលដៅកសាងចលនាដ៏មានសារសំខាន់ដែលផ្តល់សិទ្ធអំណាច និងលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ កម្មវិធីនេះរំពឹងថានឹងមានការចូលរួមពីស្ត្រីដែលជាអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ នវានុវត្តន៍ករ មកពីបណ្តាប្រទេសអាស៊ាន និងឥណ្ឌា ប្រមាណ១០០នាក់។
ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺឆ្លើយតបទៅនឹងការចង្អុលបង្ហាញក្នុងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ ដែលមានគោលដៅអភិវឌ្ឍធនធានមនុស្ស និងបង្កើនការចូលរួមរបស់ស្ត្រីនិងយុវជន ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាព។
នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងដឹកនាំកិច្ចពិភាក្សា និងការប្រកួតប្រជែងលើវិស័យអាទិភាពសកលចំនួន ៤ រួមមាន៖
- សន្តិសុខស្បៀង
- ដំណោះស្រាយថាមពលប្រកបដោយចីរភាព
- សមធម៌ក្នុងការទទួលបានការអប់រំ
- បច្ចេកវិទ្យាដែលកំពុងលេចធ្លោ
ក្រៅពីកិច្ចពិភាក្សា កម្មវិធីក៏នឹងមានទស្សនកិច្ចសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពស្រាវជ្រាវរួមគ្នារវាងអាស៊ាន និងឥណ្ឌាផងដែរ៕
