នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងផ្តោតយ៉ាងខ្លាំងលើវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍវិស័យការងារ មុខរបរ ប្រព័ន្ធអប់រំ និងការបង្កើតបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត។ ជាពិសេសគឺការបញ្ចូលវិស័យអប់រំដែលពាក់ព័ន្ធនឹងផ្នែកឌីជីថល បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។ ថ្មីៗនេះក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាបានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគម្រោងបើកបណ្ណាល័យវិទ្យាសាស្ត្រ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការអនុវត្តគម្រោង Quick Impact Project (QIP) ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ក៏ដូចជាចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា "គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ជនបទ។ ខណៈដែលក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាបានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រសួងនឹងបន្តប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហការបន្ថែមទៀតក្រោមក្របខណ្ឌនៃគម្រោង QIP"។
សូមបញ្ជាក់ផងដែរថា នេះជារឿងគួរឱ្យកោតសរសើរដែលកម្ពុជាបានយកចិត្តទុកដាក់លើកិច្ចការនេះ ក្នុងប្រព័ន្ធអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលអាចឱ្យសិស្សានុសិស្សដែលនៅទីជនបទមានឱកាសសិក្សាស្វែងយល់។